ប្រព័ន្ធសន្តិសុខជាតិថៃកំពុងរង្គោះរង្គើ និងរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីការបង្ក្រាបបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែនរបស់មេខ្លោងរហស្សនាម «សៀ ជិវ» (Sia Jiw) បានលាតត្រដាងនូវការពិតដ៏ស្អុយរលួយនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ ដែលតាំងខ្លួនថាជាអ្នកកសាងនិងការពារជាតិ ដោយក្នុងនោះមានការចាប់ខ្លួននាយទាហានជាន់ខ្ពស់ ២រូប ដែលជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងការសម្របសម្រួលដឹកជញ្ជូនគ្រឿងញៀន ដែលសបញ្ជាក់ថា មន្ត្រីគ្រាក់ៗអស់ទាំងនេះ បានប្រើប្រាស់ស្ថាប័នយោធាជាខ្នងបង្អែកការពារឧក្រិដ្ឋជនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ទោះបីជារដ្ឋាភិបាលថៃតែងតែអះអាងពីយុទ្ធនាការ «កាត់ផ្ដាច់កោសិកាមហារីក» ដែលសំដៅដល់ការបង្ក្រាបឱ្យអស់នូវខ្សែបណ្ដាញឧក្រិដ្ឋកម្មផ្សេងៗក៏ដោយ ប៉ុន្តែការចាប់ខ្លួនមេខ្លោងគ្រឿងញៀនឈ្មោះ Chutthithan ឬ «សៀ ជិវ» ដែលមានប្រវត្តិជាទណ្ឌិតឆ្នាំ ២០០៦ អាចបន្លំខ្លួនជាមន្ត្រីយោធាជាន់ខ្ពស់បានយ៉ាងរលូនអស់រយៈពេលជាច្រើនឆ្នាំនោះ គឺជាសញ្ញាបង្ហាញពីការបរាជ័យយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងការធ្វើសវនកម្មអត្តសញ្ញាណមន្ត្រីក្នុងជួរកងទ័ពថៃ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះមានមន្រ្តីយោធាថៃ គឺលោកវរសេនីយ៍ទោ Pan មកពីការិយាល័យលេខាធិការអចិន្ត្រៃយ៍ក្រសួងការពារជាតិ និងនាយទាហានជាន់ខ្ពស់ម្នាក់ទៀតពីអង្គភាពសង្គ្រាមពិសេស ត្រូវបានចាប់ខ្លួន ពីបទលាងលុយកខ្វក់ និងដឹកជញ្ជូនគ្រឿងញៀនចូលមកក្នុងប្រទេសថៃ។ ចំណុចនេះបានបង្ហាញថា ស្ថាប័នយោធាដែលជាបង្អែកសន្តិសុខជាតិ តាមពិតគឺ ជា «ជម្រក» និងជា «ឧបករណ៍» ដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់ដើម្បីសម្រេចគោលបំណងរបស់ពួកគេទៅវិញ។
សារព័ត៌មានក្នុងស្រុកថៃ Bangkok Post នាថ្ងៃទី៣ ខែមីនា នេះថា លោកឧត្តមសេនីយ៍ទោ Suriya Singhakamol អគ្គលេខាធិការនៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន (ONCB) បានប្រកាសពីដំណាក់កាលទី២ នៃប្រតិបត្តិការ «កាត់ផ្ដាច់កោសិកាមហារីក» ដែលមានគោលដៅបង្ក្រាបមន្ត្រីរដ្ឋពាក់ព័ន្ធនឹងបណ្ដាញគ្រឿងញៀន។

ស៊ើបអង្កេតនេះបានចាប់ផ្តើមតាំងពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅពេលដែលកងកម្លាំងចម្រុះបានស្ទាក់ចាប់រថយន្តសង្ស័យមួយគ្រឿងនៅខេត្តឈៀងរ៉ៃ ដោយដកហូតបានគ្រឿងញៀនប្រភេទម៉ាកទឹកកក (Crystal Meth) ជាង ១,៤តោនលាក់ក្នុងធុងសាំង ខណៈមនុស្ស ៧នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមានអតីតទាហាន ៣នាក់ដែលត្រូវបានបណ្តេញចេញពីជួរដោយសារគ្រឿងញៀនផងដែរ។
លុះដល់ខែកុម្ភៈ ឆ្នាំ២០២៦នេះ អាជ្ញាធរបានឆ្មក់ឆែកឆេរទីតាំង ៨កន្លែងនៅឈៀងម៉ៃ ឈៀងរ៉ៃ នន្ទបុរី និងបាងកក ដោយចាប់ខ្លួនភរិយារបស់សៀ ជិវ និងនាយទាហានជាន់ខ្ពស់ម្នាក់នៃបញ្ជាការដ្ឋានសង្គ្រាមពិសេស។ ចំណែកទ្រព្យសម្បត្តិសរុបតម្លៃជាង ១២២ លានបាត (រួមមានដីធ្លី លុយធនាគារ រថយន្ត អាវុធ និងមាស) ត្រូវបានរឹបអូសដែរ។ តាមរយៈទិន្នន័យទូរស័ព្ទ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណមេខ្លោងធំឈ្មោះ Chutthithan ឬ «សៀ ជិវ» ដែលជាអតីតអ្នកទោសគ្រឿងញៀនកាលពីឆ្នាំ២០០៦។
ក្រោយចេញពីពន្ធនាគារ «សៀ ជិវ» ត្រូវបានគេរាយការណ៍ថា បានប្តូរឈ្មោះ និងបន្លំខ្លួនជាមន្ត្រីយោធាជាន់ខ្ពស់ ដើម្បីគេចពីការតាមដាន ហើយបានបន្តសកម្មភាពជួញដូរគ្រឿងញៀនឆ្លងដែនពីភាគខាងជើងទៅភាគខាងត្បូង ដើម្បីបញ្ជូនបន្តទៅប្រទេសទីបី។

យោងតាមការពិនិត្យចរន្តហិរញ្ញវត្ថុបានបង្ហាញពីការផ្ទេរប្រាក់សង្ស័យរាប់លានបាតទៅកាន់វរសេនីយ៍ទោម្នាក់ និងភរិយា ដោយមានភស្តុតាងថាគ្រួសារខាងប្រពន្ធរបស់មន្ត្រីរូបនេះ បានដើរតួជាអ្នកបញ្ឈរឈ្មោះ (Nominee) កាន់កាប់ទ្រព្យសម្បត្តិឱ្យ «សៀ ជិវ» ដោយខុសច្បាប់។
ទោះបីជាអាជ្ញាធរអះអាងថា បានកាត់ផ្ដាច់ខ្សែសង្វាក់ប្រតិបត្តិការរបស់ «សៀ ជិវ» ក៏ដោយ ប៉ុន្តែការដែលមេខ្លោងរូបនេះនៅតែអាចរត់គេចខ្លួនរួច និងការដែលមានអតីតទាហានដែលត្រូវបានបណ្ដេញចេញ អាចមកធ្វើជាក្រុមប្រដាប់អាវុធការពារការដឹកជញ្ជូនគ្រឿងញៀនបានយ៉ាងងាយស្រួលនោះ បានធ្វើឱ្យសាធារណជនដាក់មន្ទិលសង្ស័យលើឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាល ក្នុងការសម្អាតផ្ទះខ្លួនឯង។
រឿងអាស្រូវនេះមិនមែនត្រឹមតែជាបទល្មើសគ្រឿងញៀនធម្មតានោះទេ ប៉ុន្តែវាគឺជា «វិបត្តិទំនុកចិត្ត» លើប្រព័ន្ធយោធាទាំងមូល។ ការដែលអំពើពុករលួយចាក់ឫសជ្រៅរហូតអាចប្រើប្រាស់ «ឯកសណ្ឋានរដ្ឋ» ទៅបិទបាំងសកម្មភាពបំផ្លាញជាតិបែបនេះ គឺជាមេរៀនដ៏អាម៉ាស់មួយសម្រាប់រដ្ឋាភិបាលថៃ ដែលបង្ហាញថា «កោសិកាមហារីក» នៃគ្រឿងញៀនមិនមែននៅខាងក្រៅទេ ប៉ុន្តែវាបានឆ្អិនឆ្អៅនៅក្នុងផ្ទះរបស់ខ្លួនឯងទៅវិញទេ។

ជាមួយនឹងការលេចធ្លាយរឿងអាស្រូវដ៏ស្អុយគគ្រុកនេះ កាន់តែបញ្ជាក់យ៉ាងច្បាស់ហើយថា ការដែលកងយោធាថៃ ប្រឹងតែឈ្លានពាន និងព្យាយាមលេបពង្រីកទឹកដី មកលើដែនអធិបតេយ្យភាពជាតិកម្ពុជា ទី១ គឺដើម្បីបង្វែរកុំឱ្យពលរដ្ឋចាប់អារម្មណ៍ឬតាមដានចំណុចខ្សោយក្នុងប្រព័ន្ធយោធា ដែលមានអំពើពុករលួយគ្រប់រូបភាព។ ទី២ ពួកគេកំពុងតែប្រើរូបភាពជាអ្នកក្លាហាននិងជាខែលការពារជាតិ ដើម្បីបំបិទមាត់ពលរដ្ឋថៃ ដែលប្រឆាំងយោធាមិនឱ្យមានការតវ៉ា សួរដេញដោល ឬបើកការតាមដានទៅលើសកម្មភាពអសកម្មនៅក្នុងជួរយោធា។
និងទី៣ ពួកគេយកលេសការពារជាតិនេះ ដើម្បីប្រយោជន៍ធំនោះគឺស្នើកញ្ចប់វវិកាការពារជាតិប្រចាំឆ្នាំដ៏ច្រើនមហាសាល ដែលរដ្ឋាភិបាលថៃ មិនអាចប្រកែកបានគឺចាំបាច់ត្រូវតែអនុម័ត ដោយកន្លងមកបក្សប្រឆាំងបានចោទប្រកាន់ថា ក្រុមក្បាលម៉ាស៊ីនការពារជាតិទាំងអស់នោះតែងតែលេបយកថវិកានេះចូលហោប៉ៅផ្ទាល់ខ្លួន៕

