សមាគមតន្ត្រីសំនៀងជនពិការ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ កាលពីថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសនៃសមាគម និងឯកឧត្តម កែវ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីរួមគ្នាពិភាក្សានិងវាយតម្លៃលើសមិទ្ធផលដែលសម្រេចបានក្នុងរយៈកាលកន្លងមក ។

តាមឯកឧត្តម ចាប តូ ប្រធានសមាគមតន្រ្តីសំនៀងជនពិការានបឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅ បើទោះបីជាឆ្នាំដែលមានបញ្ហាប្រឈមច្រើន ក៏ជាឆ្នាំដែលសមាគមសម្រេចកិច្ចការងារបានច្រើនដែរគឺដល់ទៅប្រមាណជា ៨៥ ភាគរយឯណោះ បើធៀបទៅនឹងផែនការប្រចាំឆ្នាំដែលបានដាក់ចេញ ហើយថាការងាររបស់សមាគមតន្ត្រីសំនៀងជនពិការ ពុំមែនបម្រើ ឬដើម្បីផលប្រយោជន៍សម្រាប់តែជនមានពិការភាពដែលជាសមាជិក សមាជិកា នៃសមាគមតន្ត្រីសំនៀងជនពិការទេ គឺដើម្បីបម្រើផលប្រយោជន៍ដល់ជនមានពិការភាពទូទាំងប្រទេស។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ញ៉ែម មរកត បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមតន្ត្រីសំនៀងជនពិការ ដែលបានផ្តល់សេវាជូនជនមានពិការភាពប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងបរិយាបន្ន ។ លោកជំទាវបានគូសបញ្ជាក់ថា សន្និបាតនេះគឺជាឱកាសដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ក្នុងការជួបជុំគ្នាដើម្បីពិភាក្សា រកគន្លឹះដោះស្រាយបញ្ហាប្រឈម និងចែករំលែកបទពិសោធន៍ទៅវិញទៅមក សំដៅពង្រឹងសមត្ថភាពក្នុងការបំពេញការងារជូនជនមានពិការភាពឱ្យកាន់តែមានប្រសិទ្ធភាពពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ។ លោកជំទាវក៏បានរំលឹកផងដែរថា វិស័យពិការភាពគឺជាអាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋងាយរងគ្រោះ និងកាត់បន្ថយភាពក្រីក្រ ។

ជាមួយគ្នានេះ សមាគមតន្ត្រីសំនៀងជនពិការបានដើរតួនាទីយ៉ាងសកម្មក្នុងការសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីកសាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានា សំដៅធានាឱ្យបាននូវការគោរពសិទ្ធិមូលដ្ឋានរបស់ជនមានពិការភាព ។ តាមរយៈកិច្ចសហការនេះ ជនមានពិការភាព អតីតយុទ្ធជន និងអតីតមន្ត្រីរាជការដែលមានពិការភាព ទទួលបាននូវរបបឧបត្ថម្ភពីរដ្ឋ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ ដែលជាផ្នែកមួយនៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យពួកគេអាចចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ។

បន្ថែមលើសពីនេះ ឯកឧត្តម កែវ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានចូលរួមផ្តល់បទសម្ភាសន៍ដោយបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការរវាងវិស័យសុខាភិបាល និងសមាគមក្នុងការគាំពារសុខុមាលភាពជនមានពិការភាព។ ឯកឧត្តមបានលើកឡើងអំពីការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយសមធម៌ និងការសម្របសម្រួលផ្សេងៗ ដើម្បីធានាថាជនមានពិការភាពទទួលបានការថែទាំសុខភាពឱ្យបានទាន់ពេលវេលា និងមានគុណភាព។ ការចូលរួមចំណែកពីគ្រប់វិស័យ រួមទាំងសុខាភិបាល និងសង្គមកិច្ច បានបង្ហាញពីឆន្ទៈរួមក្នុងការលើកកម្ពស់គុណភាពជីវិត និងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាពនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងជាលំដាប់៕

Share.