បើតាមភ្នាក់ងារជាច្រើនបានរាយការណ៍ថា មានបុរសម្នាក់បើកការបាញ់ប្រហារនៅខាងក្រៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺអាមេរិក (CDC) នៅទីក្រុងអាត្លង់តា (Atlanta) រដ្ឋ ចចារ (Georgia) គេជឿថា បុរសម្នាក់នេះមានជំងឺបាក់ទឹកចិត្ត និងចង់ធ្វើអត្តឃាត ដែលទាក់ទងនឹងវ៉ាក់សាំងកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន USA Today នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។


ខ្មាន់កាំភ្លើងមានឈ្មោះថា Patrick Joseph White អាយុ ៣០ឆ្នាំ ត្រូវបានបញ្ជាក់ថា បានស្លាប់នៅក្នុងអគារក្បែរនោះ បន្ទាប់ពីប៉ូលីសនិយាយថា បុរសនេះបានបាញ់ប្រហារកាលពីថ្ងៃទី៨ ខែសីហា លើអគារ CDC ដោយពេលនោះបានបាញ់សម្លាប់ប៉ូលីសម្នាក់ពេលព្យាយាមរារាំងរូបគេ ប៉ុន្តែចំពោះការស្លាប់របស់លោក White មិនទាន់ដឹងច្បាស់ថា លោកបាញ់សម្លាប់ខ្លួនឯង ឬត្រូវបានសម្លាប់ដោយប៉ូលិសនោះទេ។

បុរសជាខ្មាន់កាំភ្លើងខាងលើនេះ បានព្យាយាមចូលទៅក្នុងអគារ CDC ប៉ុន្តែត្រូវបានរារាំងដោយសន្តិសុខ។ បន្ទាប់មកគាត់បានទៅឱសថស្ថាននៅតាមផ្លូវ ហើយចាប់ផ្តើមបាញ់ប្រហារជាង១៨០គ្រាប់ និង បំបែកបង្អួចរបស់ CDC អស់ ១៥០ផ្ទាំង។

យ៉ាងណាម៉ិញ ការិយាល័យស៊ើបអង្កេតរដ្ឋ ចចារ (Georgia) ដែលកំពុងដឹកនាំការស៊ើបអង្កេតលើការបាញ់ប្រហារនេះ បានធ្វើបដិសេធមិនធ្វើការអត្ថាធិប្បាយអ្វីនោះទេ។


ជាមួយគ្នានេះដែរ CDC បាននិយាយថា ការបាញ់ប្រហារនេះមិនមែនជារឿងចៃដន្យទេ ហើយបានស្តីបន្ទោសព័ត៌មានមិនពិតអំពីវ៉ាក់សាំង ដែលបង្កើតការស្អប់ខ្ពើមចំពោះអ្នកវិទ្យាសាស្ត្រ។ ពួកគេបានអំពាវនាវឱ្យមេដឹកនាំសហព័ន្ធនិយាយប្រឆាំងនឹងការអះអាងមិនពិត និងធ្វើឱ្យបរិវេណរបស់ CDC កាន់តែមានសុវត្ថិភាព៕

