ខេត្តព្រះសីហនុ ៖ កាលពីថ្មីៗកន្លងទៅនេះ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ​ បានចាត់លោកឧត្ដមសេនីយ៍ត្រី​ ណុប​ បញ្ញា​ ស្នងការរង​ផែនការងារនគរបាលព្រហ្មទណ្ឌ​ ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ បង្រ្កាបបទល្មេីសចំនួន​ ៣ករណី ដូចខាងក្រោម ៖

១. ករណីវាយកាប់ប្លន់យកម៉ូតូ
នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋរាយការណ៍មកថា មានក្រុមជនសង្ស័យជិះម៉ូតូជាច្រើនគ្រឿងវាយកាប់យកម៉ូតូពីប្រជាពលរដ្ឋ នៅម្តុំវត្តអូរត្រេះ ។ សមត្ថកិច្ច​ធ្វេីការស្រាវជ្រាវ រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥​ ឃាត់ខ្លួនមនុស្សចំនួន ៦នាក់ (ស្រី១) ជនជាតិខ្មែរ ក្នុងចំណោមនេះ​ មាន​៤នាក់​ ពាក់ព័ន្ធករណីវាយកាប់ប្លន់យកម៉ូតូ ។ វត្ថុតាងរួមមាម៉ូតូ២គ្រឿង និងទូរស័ព្ទ២គ្រឿង ។

២. ករណីហិង្សាដោយចេតនា​ និងចូលរួមសមាគមជនទុច្ចរិត
នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ មានក្រុមក្មេងទំនើងវាយកាប់ចាក់គ្នា នៅក្រោយសាលារៀនឃ្លាំងលើ បង្កការខូចខាតម៉ូតូ និងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ។ សមត្ថកិច្ច​បានឃាត់ខ្លួនជនសង្ស័យបាន ៨នាក់​ ជនជាតិខ្មែរ រួមនិងវត្ថុតាងមានកាំបិត ២ដើម ម៉ូតូ៤គ្រឿង និងទូរស័ព្ទដៃមួយចំនួន ។

៣. ករណីហិង្សាដោយចេតនា
នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ មានជនសង្ស័យម្នាក់វាយជនរងគ្រោះ របួសបែកក្បាលដេរ៥ថ្នេរ​ នៅម្តុំមហោស្រពចាស់ ។ សមត្ថកិច្ច​ បានឃាត់ខ្លួនបានជនសង្ស័យ១នាក់ រួមនិងវត្ថុតាងមាន​ ផាស់អាប់១គ្រឿង និងទូរស័ព្ទ៣គ្រឿង ។

ករណីទាំង​៣ខាងលេី​ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថប​ទ៖ ចតុម្មុខ

Share.