មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បានទុកពេលឱ្យក្រុមហ៊ុនទឹកដោះគោម៉ាក Kofi ប្រមូលទឹកដោះគោផ្អែមបន្លំបិទបាកូដកម្ពុជាពីបាកូដថៃចំនួន ១៤៤ កេសចូលស្ដុកវិញទាំងអស់ត្រឹមរយៈពេល ២ ថ្ងៃ។
បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បន្លំបិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះទៅត្រួតពិនិត្យដល់ទីតាំងដាក់បង្ហាញលក់ (Showroom) របស់ក្រុមហ៊ុន ដែលស្ថិតនៅផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីបញ្ជាក់ការពិតថា ពិតជាមានការបន្លំបិតបាកូដលើផលិតផលនោះនិងមានការទទួលស្គាល់ពីម្ចាស់ផលិតផលប្រាកដមែន។

នៅថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ តាមរយៈកិច្ចសហការពីម្ចាស់ផលិតផល មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានបន្តចុះទៅត្រួតពិនិត្យនៅទីតាំងឃ្លាំងស្តុកទុកផលិតផល ដែលមានអាស័យដ្ឋានស្ថិតនៅម្តុំផ្សារដើមថ្កូវ ក្នុងសង្កាត់បឹងត្របែក និងបានរកផលិតផលទឹកដោះគោម៉ាក Kofi សរុបទាំងអស់ចំនួន ២០៥កេស ក្នុងនោះបិតរួចមានចំនួន ១៤៤កេស និងមិនទាន់បិតមានចំនួន ៦១កេស ដោយម្ចាស់ផលិតផលបានសារភាពថា បានធ្វើការចែកចាយលក់បន្តទៅតាមបណ្តាខេត្តចំនួន៦ និងបានផ្តល់នូវឯកសារពាក័ព័ន្ធនៃការនាំចូលផលិតផលដល់សមត្ថកិច្ចក.ប.ប. ដើម្បីត្រួតពិនិត្យ។
នៅថ្ងៃដដែលនោះ ក្រុមហ៊ុនខូហ្វីខូអិលធីឌី (KOFI CO., LTD.) ដែលសុទ្ធតែត្រូវបានបញ្ជាក់ដោយក្រុមហ៊ុន CMA MACCHINE PER CAFFE S.r.l ប្រទេសអ៉ីតាលីអំពីកម្រិតស្តង់ដាគុណភាពច្បាស់លាស់ជូនអតិថិជន និងចៀសវាងការប្រើប្រាស់ផលិតផលនិងគ្រឿងបន្លាស់ក្លែងក្លាយ បានចេញលិខិតសុំទោសជាសាធារណៈទាក់ទងទៅនឹងផលិតផលទឹកដោះគោផ្អែមខូហ្វីរបស់ខ្លួន ដោយទទួលយកការណែនាំរបស់មន្ត្រីក.ប.ប.។
យ៉ាងណាមិញ ជាវិធានការបន្ទាន់របស់ក្រុមការងារតម្រូវឱ្យម្ចាស់ទំនិញប្រមូលផលិតផលដែលមានបិតបាកូដទាំងអស់ត្រឡប់មកវិញ ពីបណ្តាគោលដៅ លក់ ចែកចាយ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមខេត្តពាក់ព័ន្ធក្នុងរយៈពេលពីរថ្ងៃ ដោយមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នឹងចុះតាមឃ្លាំពិនិត្យចំពោះសកម្មភាពនេះ និងតម្រូវឱ្យបកស្ទីកឃ័របាកូដកម្ពុជា ចេញពីផលិតផលទាំងអស់ ក្រោមការត្រួតពិនិត្យរបស់មន្រ្តី ក.ប.ប.។ បន្ទាប់មកមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការបន្តស្របតាមនីតិវិធីដែលមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន៕
