ក្រុមបាល់ទាត់ Shan United FC របស់មីយ៉ាន់ម៉ា នឹងត្រូវបើកទ្វារកីឡដ្ឋាន Thuwunna Stadium ទទួលស្វាគមន៍ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ការប្រកួតបើកឆាកពូល B នៃពានរង្វាន់ក្លិបក្នុងតំបន់អាស៊ាន ASEAN CLUB CHAMPIONSHIP (SHOPEE CUP) 2025/26 វគ្គចែកពូល។

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង គឺស្ថិតនៅក្នុងពូល B ជាមួយ​ក្រុម Bangkok United FC ថៃ, Johor Darul Ta’zim FC ម៉ាឡេស៊ី, Nam Dinh FC វៀតណាម, Lion City Sailors FC សិង្ហបុរី និង Shan United FC របស់មីយ៉ាន់ម៉ា។

រូបមន្តប្រកួតនៅក្នុងពូលគឺក្រុមដែលមានពិន្ទុខ្ពស់ជាងគេ និងក្រុមលេខ២ តាមពូលទាំងពីរនឹង​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រកួតគ្នាចំនួន២ជើង Home/Away ក្រុមឈ្នះ២ក្រុម នឹង​ឡើង​ទៅវគ្គផ្តាច់ព្រ័ត្រ។

ក្លិបបាល់ទាត់ថៃ Buriram United គឺជាម្ចាស់ជើងឯកឆ្នាំចាស់ នៃពានរង្វាន់ក្លិបកំពូលអាស៊ាន ASEAN Club Championship Shopee Cup 2024/25 ក្រោយឈ្នះក្លឹបវៀតណាម Cong An Hanoi ៣ទល់​២ ដោយ​បាល់កាត់សេចក្ដី១១ម៉ែត្រ នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

ពានរង្វាន់​ជើង​ឯក​តំបន់​អាស៊ាន នេះ​ធ្លាប់​រៀបចំ​ឡើង​២​លើក​មក ដោយ​ក្នុង​ឆ្នាំ​២០០៣ ជើង​ឯក​បាន​ទៅ​ក្រុម East Bengal របស់​ឥណ្ឌា ក្រោយ​យក​ឈ្នះ​ក្រុម BEC Tero Sasana របស់​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ហើយ​​ឆ្នាំ​២០០៥ ជើង​ឯក​បាន​ទៅ​ក្រុម Tampines Rovers របស់​សិង្ហបុរី ក្រោយ​យក​ឈ្នះ​លើ​ក្រុម ​Pahang FA របស់​​ម៉ាឡេស៊ី ដោយ​លទ្ធផល ៤-២ នៅ​ទីក្រុង​បានដារសេរីបេហ្គាវ៉ាន់ ប្រទេស​ប្រ៊ុយណេ៕

Share.