ក្រោយកើតមានហេតុការណ៍ប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃចាប់ពីថ្ងៃទី២៤ដល់២៨ខែកក្កដាឆ្នាំ២០២៥ ដែលបង្កឡើងដោយសារការចូលឈ្លានពានទឹកដី កម្ពុជាពីសំណាក់ភាគីថៃ គេសង្កេតឃើញចរន្តជាតិនិយមនិងស្មារតីស្នេហាជាតិហាក់បានពុះកញ្ជ្រោលឡើងក្នុងចំណោមប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងក្នុងនិងក្រៅប្រទេស។
ទន្ទឹមនឹងការបង្ហាញនូវអារម្មណ៍ឈឺចាប់ចំពោះការឈ្លានពានពីបរទេស ប្រជាជនខ្មែរទាំងអស់ពិសេសអ្នករស់នៅក្នុងប្រទេសបានបញ្ចេញសំឡេងក្នុងបេះដូងចង្វាក់តែថា យើងស្រឡាញ់សន្តិភាព និងបានអំពាវនាវស្វែងរកិច្ចអន្តរាគមន៍ពីភាគីទី៣ក៏ដូចជា អន្តរជាតិដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាក៏ដូចជាបញ្ឈប់ទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់ កងទ័ពថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។ជាមួយគ្នានេះ ពលរដ្ឋខ្មែរបានបង្ហាញជំហរគាំទ្រទាំងស្រុងចំពោះគោលការណ៍ក៏ដូចជាជំហររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃតាមយន្តការច្បាប់អន្តរជាតិ ក៏ដូចជាតាមនយោបាយការទូត បើទោះជាផ្លូវមួយនេះត្រូវការនូវភាពអត់ធ្មត់ជាអតិប្បរមាក្តី។
យ៉ាងណាក៏ដោយខណៈដែលរាជរដ្ឋាភិបាលក៏ដូចជាកងកម្លាំងប្រដាប់អាវុធពិសេសកងកម្លាំងឈរជើងជួរមុខបានព្យាយាមរកវិធីសាស្ត្រគ្រប់បែបយ៉ាងក្នុងការទប់ស្កាត់ឲ្យខាងតែបាននូវការប្រយុទ្ធគ្នាជាថ្មីតាមរយៈការរក្សាបទឈប់បាញ់ដែលកើតចិញពីកិច្ចអន្តរាគមន៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិកនិងប្រធានប្តូរវេនអាស៊ានគឺប្រទេសម៉ាឡេស៊ីនោះ ស្រាប់តែក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចពិសេសក្រុមជ្រុលនិយមដែល នៅក្រៅប្រទេសបែរជាព្យាយាមគប់គិតជាមួយបរទេសពិសេសសត្រូវឈ្លានពាន បង្កើតនិងផ្សព្វផ្សាយព័ត៌មានប្រឌិតដើម្បីបំបាក់ទឹកចិត្តកងទ័ព ញុះញង់ឲ្យកងទ័ពស្អប់និងប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ទៅវិញ។ជាក់ស្តែងម្តងហើយម្តងទៀត ក្រុមអ្នកតាំងខ្លួនថា ជាអ្នកស្នេហាជាតិទាំងនោះតែងព្យាយាមបង្កើតព័ត៌មានដើម្បីបំពុលសង្គម បង្កអស្ថិរភាពនយោបាយ បង្កើតភាពវឹកវរក្នុងសង្គមក្នុងន័យសម្រេចបំណងទុច្ចរិតរបស់ពួកគេគឺផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន។
អ្វីដែលគួរឲ្យកត់សម្គាល់ដែរនោះ គឺនៅពេលដែលមានព្រឹត្តិការណ៍រំជើបរំជួលឬការប្រឆាំងតវ៉ានឹងមេដឹកនាំឬររដ្ឋាភិបាលនៅតាមបណ្តាប្រទេសឬនៅតាមតំបន់ណាមួយ ពួកគេតែងតែប្រើវោហារសាស្ត្របែបញុះញង់ឲ្យពលរដ្ឋនៅក្នុងស្រុកងើបប៉បោរឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ក៏ដូចជាមេដឹកនាំបច្ចុប្បន្ន។
ក្នុងនាមជាអ្នកនយោបាយ និងជាជនជាតិខ្មែរដែរនោះ ក្នុងកាលៈទេសៈដែលប្រទេសជាតិប្រឈមនឹងការឈ្លានពានពីសត្រូវបរទេសយ៉ាងដូច្នេះ រឿងដែលក្រុមប្រឆាំងទាំងអស់នោះគួរធ្វើ ដើម្បីឲ្យស័ក្តិសមទៅនឹងការ អួតអាងក្តែងៗរបស់ខ្លួនថា ជាអ្នកស្នេហាជាតិ ស្រឡាញ់ជាតិពិតប្រាកដនោះ គឺការជួយស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់សហគមន៍អន្តរជាតិដើម្បីដាក់សម្ពាធទៅលើប្រទេសថៃដែលបានចូលឈ្លានពានដែនអធិបតេយ្យ បូរណភាពទឹកដីខ្មែរ។ ប៉ុន្តែផ្ទុយទៅវិញ ក្រុមស្នេហាជាតិក្លែងក្លាយទាំងនោះ បែរជាអំពាវនាវឲ្យមានការស្អប់និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពិសេសបង្កើតរឿងក្លែងក្លាយឲ្យកងទ័ពបាក់ទឹកចិតទៅវិញ។តើគេមិនបានគិតទេឬថា បើសិនជាកងទ័ពបាក់ទឹកចិត្ត រាជរដ្ឋាភិបាលត្រូវបានផ្តួលរំលំ តើបាននរណាការពារជាតិ ការពារដែនអធិបតេយ្យភាពជាតិ?តើគោលដៅពិតប្រាកដនៃការធ្វើនយោបាយរបស់ក្រុមជ្រុលនិយមមួយក្តាប់តូចទាំងនោះ គឺដើម្បីជាតិឬក៏ដើម្បីបំផ្លាញជាតិ?
ដូច្នេះ តាមរយៈទង្វើសកម្មភាពរបស់ក្រុមប្រឆាំងទាំងនាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន នៅចំពោះមុខស្ថានការណ៍ដ៏ផុយស្រួយនៃជម្លោះព្រំដែនកម្ពុជា-ថៃ ប្រជាពលរដ្ឋដែលមាននិន្នាការគាំទ្រក្រុមទាំងនោះ ពិតជាអាចធ្វើការវាយតម្លៃបានដោយខ្លួនឯងថា តើពួកគេគឺជាអ្នកស្រឡាញ់ជាតិ ស្នេហាជាតិពិតប្រាកដដូចអ្វីដែលពួកគេបានអះអាង ឬក៏ជាអ្នកបំផ្លាញនិងបំបែកបំបាក់ជាតិ?