កាលពីយយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរ បានធ្វើដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន (China-ASEAN Esports Competition) លើកទី២ ដោយមាន ២ ក្រុម លើ២ ២ វិញ្ញាំសា នៅទីក្រុង ណាន់នីង ប្រទេសចិន។

នៅពេលជូនដំណើរប្រតិភូឡើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានឱ្យដឹងថា សហព័ន្ធបានបញ្ជូនក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរចំនួន ២ ក្រុម ទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិន-អាស៊ាន លើកទី២ ឆ្នាំ២០២៥ លើវិញ្ញាសា Mobile Legends Bang Bang និង Valorant ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុង ណាន់នីង ប្រទេសចិន។
លោកបានបញ្ជាក់ថា ៖«កាលលើកទី១ ឆ្នាំ ២០២៤ ក្រុមកម្ពុជាយើងបានឈ្នះជើងឯក ដូច្នេះសម្រាប់ការចូលរួមប្រកួត លើកទី២ ឆ្នាំនេះ យើងសង្ឃឹមច្រើន ក្នុងការឈានទៅដល់ដណ្តើមបានមេដាយទៀត»។

ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន (China-ASEAN Esports Competition) លើកទី២ មានប្រទេសចូលរួម សម្រាប់វិញ្ញាសា Mobile Legends Bang Bang រួមមាន៖
- ពូល A៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និង ទីម័រខាងកើត
- ពូល B៖ ចិន កម្ពុជា ឡាវ ហ្វីលីពីន និង វៀតណាម

សម្រាប់វិញ្ញាសា Valorant រួមមាន៖
- ពូល A៖ ថៃ ម៉ាឡេស៊ី កម្ពុជា និង ឥណ្ឌូណេស៊ី
- ពូល B៖ ចិន មីយ៉ាន់ម៉ា ឡាវ និងព្រុយណេ

ក្រុមកម្ពុជាបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៤ (China-ASEAN Esports Competition) លើវិញ្ញាសា Mobile Legends Bang Bang បន្ទាប់ពីឈ្នះម៉ាឡេស៊ី ដោយលទ្ធផល ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ នៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមកម្ពុជា បានឈ្នះ ហ្វីលីពីន ១-០, ឈ្នះម្ចាស់ផ្ទះចិន ១-០ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវបានមីយ៉ាន់ម៉ា យកឈ្នះ ០-១ មុន ប៉ុន្តែកម្ពុជាបានវាយបកយកឈ្នះ២-១៕


