ខេត្តពោធិ៍សាត់ះ គ្រួសារវីរៈកងទ័ពចំនួនចំនួន 193 គ្រួសារបានទទួលជំនួយផ្ទាល់ដៃជាគ្រឿងឧបភោគបរិភោគនិងថវិកាពីសំណាក់ឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី 14 ខែកញ្ញាឆ្នាំ 2025 នៅទីបញ្ជាការវីរៈសេនាតូចលេខ 141 ចំណុះកងពលតូចអន្តរាគមន៍រំលែក 14  ស្រុកក្រគរខេត្តពោធិ៍សាត់។

ក្នុងជំនួបសំណេះសំណាលនិងផ្ដល់ជំនួយខាងលើនេះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញការយកចិត្តទុកដាក់ គិតគូដល់គ្រួសារវីរៈកងទ័ពរបស់យើង ជាមួយនឹងសារផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែន សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន និងសម្ដេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមលើកឡើងថា មហិច្ឆតាឈ្លានពានលេបត្រូវបាក់ទឹកដីឥតឈប់ឈរពីសំណាក់ទាហានសៀមបង្កជាសង្គ្រាមបង្ហូរឈាម ពិតជាបង្កផលលំបាកយ៉ាងខ្លាំង ដល់ពលរដ្ឋ ដែលត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ មុខរបរប្រចាំថ្ងៃ ផ្សេងៗ ជាមួយនឹងការបំភ្លេចបំផ្លាញ ទ្រព្យសម្បត្តិ សម្លាប់ជីវិតមនុស្ស មិនថាកងទ័ពនិងជនសុីវិលស្លូតត្រង់ឡើយ។ មួយរយៈចុងក្រោយនេះវិរៈកងទ័ព គោរពតាមការណែនាំយ៉ាងខ្ជាប់ខ្ជួនរបស់ថ្នាក់ដឹកនាំយើងដោយមានការអត់ធ្មត់ខ្ពស់បើទោះជាទាហានសៀមធ្វើទុក្ខបុកម្នេញលើគ្រប់រូបភាពដើម្បីបន្តបង្ករសង្គ្រាមឈ្លានពានយ៉ាងណាក៏ដោយ យើងត្រូវការសន្តិភាពមិនចង់បង្កសង្គ្រាមជាមួយប្រទេសណាឡើយ ដោយយកច្បាប់អន្តរជាតិជាមូលដ្ឋានដើម្បីដោះស្រាយ។


នៅចំពោះមុខគ្រួសារវារៈកងទ័ពទាំងអស់ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ថ្វីត្បិតតែកងទ័ពបំពេញកាតព្វកិច្ចចាកចេញពីគ្រួសារទៅឈរជើងនៅជូរមុខយ៉ាងរឹងមាំដើម្បីការពារដែនអធិបតេយ្យភាពរបស់យើង ប៉ុន្តែបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរួមគ្នាជាធ្លុងមួយ គាំទ្រលើកគ្រប់រូបភាព ផ្ដល់ភាពកក់ក្តៅទាំងផ្នែកសម្ភារៈថវិកានិងស្មារតីជូនដល់គ្រួសារក៏ដូចជាវីរៈកងទ័ពរបស់យើងជាប់ជាប្រចាំផងដែរ។

សូមបញ្ជាក់ថា ជំនួយផ្ដល់យួនគ្រួសារវីរៈកងទ័ពជួរមុខទាំង 193 គ្រួសារ បានទទួលស្បៀងជាគ្រឿងឧបភោគបរិភោគដោយផ្ទាល់ ជាអង្ករ មី ទឹកត្រីទឹកស៊ីអ៊ីវ រួមនិងថវិកាមួយចំនួន ដែលជំនួយទាំងអស់នេះបានមកពីការចូលរួមពីសំណាក់បងប្អូនពលរដ្ឋទាំងក្នុងនិងក្រៅខេត្តផងដែរ៕

អត្ថបទ÷ពោធិ៍សាត់

Share.