អន្តរជាតិ៖ ទូរទស្សន៍អង់គ្លេស BBC បញ្ចេញភស្តុតាងជាក់ស្ដែង ថៃមិនមែនជាឋានសួគ៌ តែជាសង្គមសំបូរ ឧក្រិដ្ឋកម្ម គ្រឿងញៀន និងការជួញដូរផ្លូវភេទ តាមរយៈភាពយន្តឯកសារ Thailand: The Dark Side of Paradise! ។

ប្រជាជនថៃជាច្រើននាក់ហាក់មិនសប្បាយចិត្ត និងប្រតិកម្មចំពោះភាពយន្តឯកសាររបស់ទូរទស្សន៍អង់គ្លេសដ៏ធំគឺ BBC ដែលបានចេញមកលាតត្រដាងការពិតតាមរយៈភាពយន្តឯកសារមួយដែលប្រើចំណងជើងថា ប្រទេសថៃ៖ ពីជ្រុងដ៏ខ្មៅងងឹតមួយ ដែលវាខុសពីអ្វីដែលគេតែងតែប្រដូចប្រទេសថៃទៅនឹងឋានសួគ៌នៅលើដី ប៉ុន្តែការពិតវិញនោះប្រទេសថៃ គឺជាទីតាំងមួយដែលបានបង្កប់ទៅដោយបញ្ហាឧក្រិដ្ឋកម្ម គ្រឿងញៀន និងទេសចរណ៍ផ្លូវភេទ ប៉ុន្តែពលរដ្ឋថៃ មិនហ៊ានទទួលយកការពិតនេះ ហើយពួកគេបានចោទប្រកាន់ និងច្រានចោលខ្លឹមសារនៅក្នុងភាពយន្តឯកសារនោះថា រឿងរ៉ាវទាំងអស់នោះមិនមែនជាការពិត និងធ្វើឱ្យប្រទេសថៃអាម៉ាស់មុខនៅលើឆាកអន្តរជាតិ។

ភាពយន្តឯកសារដែលមានចំណងជើងថា Thailand: The Dark Side of Paradise ត្រូវបានផលិតឡើងក្នុងទម្រង់ជាកម្មវិធីស្វែងរកការពិត ដើម្បីបកស្រាយចម្ងល់ចម្លែកៗដែលកើតមានឡើងនៅក្នុងសង្គមថៃ ដែលរៀបចំដោយពិធីការិនី Zara McDermott ក្នុងនាមជាភ្ញៀវទេសចរធ្លាប់បានធ្វើដំណើរទៅកម្សាន្តនៅប្រទេសថៃ រួចបានជួបរឿងហេតុចម្លែកៗ នឹងស្មានមិនដល់នៅពេលនាងត្រូវប៉ូលិសថៃចាប់ខ្លួនទៀតផង។ ភាពយន្តមួយនេះបានចេញផ្សាយនៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ ដែលភាគដំបូងនៃការចាក់បញ្ចាំងទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកផលិតមាតិកា និងប្រជាជនថៃ ដោយពួកគេបានរិះគន់ និងប្រកែកថា ការពិតមិនដូចអ្វីដែលទូរទស្សន៍ BBC បានកំពុងផ្សាយនោះទេ។

បើតាមកាសែត The Nation Thailand ដែលជាកាសែតមានចរិតញុះញង់ និងច្រើនបំភ្លៃព័ត៌មាន បានផ្សាយថា ប្រជាជនថៃ និងអ្នកផលិតមាតិកាបានសម្តែងអារម្មណ៍ងឿងឆ្ងល់មិនដាច់អំពីគោលបំណងរបស់ BBC ដែលងាកមកផ្សាយដោយផ្ដោតទៅលើរឿងអវិជ្ជមានអំពីប្រទេសថៃបង្ហាញតែជ្រុងខ្មៅងងឹតដូចជា បញ្ហាឧក្រិដ្ឋកម្ម គ្រឿងញៀន និងការជួញដូរផ្លូវភេទនៅក្នុងប្រទេសថៃ ដែលបញ្ហាទាំងនេះ បាននាំគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ វាច្បាស់ណាស់នឹងធ្វើឱ្យទេសចរណ៍នៅក្នុងប្រទេសថៃធ្លាក់ចុះបន្ទាប់ពីទស្សនិកជនបានទស្សនាភាពយន្តនេះរួច។ កាសែតដដែលនេះ បានបន្តចេញផ្សាយបែបចាក់ចុចថា សាច់រឿងកាន់តែអាក្រក់ជាងនេះទៀតនោះ គឺប្រជាជនថៃ បានមើលឃើញនៅពេលដែល BBC លើកទឹកចិត្តភ្ញៀវទេសចរឱ្យមកលេងកម្ពុជាជំនួសវិញ ព្រោះជាប្រទេសដែលមានសុវត្ថិភាព និងអំណោយផលដល់ការកម្សាន្តពិតប្រាកដ។

បើចាំមិនខុសទេ ប្រជាជនថៃ និងអ្នកផលិតមាតិកាថៃជាច្រើននាក់ដែលប្រើប្រាស់បណ្ដាញសង្គម និងប្រព័ន្ធអ៊ីនធឺណិតធ្លាប់មានមោទនភាពចំពោះទូរទស្សន៍ BBC ធ្លាប់បានអញ្ជើញអ្នកសារព័ត៌មានស្ត្រីថៃម្នាក់ឡើងនិយាយអំពីហេតុការណ៍នៃការផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃដោយនាងបានសម្ដែងរៀបរាប់ពីភាពឈឺចាប់ ទទួលអារម្មណ៍ក្ដុកក្ដូលបំផុតចំពោះការបំពានពីប្រទេសកម្ពុជា និងធ្វើឱ្យប្រជាជនថៃច្រើននាក់រងគ្រោះដោយសារអាវុធរបស់ទាហានកម្ពុជា។

ករណីនេះបានធ្វើឱ្យថៃហាក់តម្លើងមុខពើងទ្រូងដាក់កម្ពុជា ព្រោះពួកគេគិតថា អន្តរជាតិបានស្ដាប់រឿងប្រឌិតរបស់ពួកគេអស់ហើយ។ បើកន្លងមក ថៃទទួលស្គាល់ ពីតម្លាភាព និង វិជ្ជាជីវៈរបស់ទូរទស្សន៍ព័ត៌មានមួយនេះ ចុះហេតុអ្វីនៅពេលដែលទូរទស្សន៍ BBC ចេញមកលាតត្រដាងពីជ្រុងមួយនៃភាពខ្មៅកខ្វក់នៅក្នុងប្រទេសខ្លួន បែរជាពួកគេទទួលយកមិនបាន ហើយថែមទាំងថ្កោលទោសទូរទស្សន៍មួយនេះថា គ្មានវិជ្ជាជីវៈផ្សព្វផ្សាយបោកប្រាស់បំផ្លើស និងទទូចឱ្យផ្សាយពី The Dark Side in London ថែមទៀតផង ដោយបានប្រៀបធៀបថា ចក្រភពអង់គ្លេស មានរឿងអាស្រូវនិងអាក្រក់ជាងប្រទេសថៃ។

ភាពយន្តឯកសារមួយនេះមិនត្រឹមតែបង្ហាញអំពីអស្ថិរភាព របស់ប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែពិធីការិនី Zara McDermott បានចុះទៅសម្ភាសន៍ការពិតគ្រប់យ៉ាងផ្ទាល់ចេញពីមាត់ភ្ញៀវទេសចរបរទេសនៅក្នុងប្រទេសថៃដែលពួកគេបានជួបហេតុការណ៍រន្ធត់ចិត្ត និងព្រៃផ្សៃ ហើយបានបង្វែការគិតរបស់ភ្ញៀវទេសចរដែលមានបំណងចង់មកកម្សាន្តនៅប្រទេសថៃឱ្យពិចារណាឡើងវិញថា តើប្រទេសថៃពិតជាប្រទេសឋាសួគ៌ក្រោមមេឃដែលពួកគេគួរមកកម្សាន្តពិតប្រាកដមែនទេ ? ជាពិសេស តាមរយៈបទពិសោធន៍ដែលភ្ញៀវទេសចរជនជាតិអង់គ្លេសវ័យក្មេងជាច្រើននាក់បានជួបប្រទះនៅថៃគឺពិតជាឃោឃៅខ្លាំងណាស់៕

Share.