រតនគិរី៖ ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងខេត្តរតនគិរី ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥នេះ មានភាពស្ងប់ស្ងាត់ល្អប្រសើរ ដោយសារបទល្មើសផ្សេងៗបានថយចុះគួរឱ្យកត់សម្គាល់។ ការលើកឡើងនេះ គឺយោងតាមប្រសាសន៍របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍មហាផ្ទៃ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តមអភិបាលខេត្តបានបន្តថា នៅក្នុងឆមាសទី១នេះ ស្ទើរតែគ្រប់ប្រភេទបទល្មើសទាំងអស់ រួមទាំងបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិម និងបញ្ហាក្មេងទំនើង សុទ្ធតែបានថយចុះយ៉ាងខ្លាំង ខុសប្លែកពីឆ្នាំមុនៗ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា។ ការថយចុះនេះ គឺដោយសារអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ភូមិ-ឃុំ-សង្កាត់ រហូតដល់ស្នងការដ្ឋាននគរបាលខេត្ត បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមវិធានការរបស់រដ្ឋបាលខេត្ត ហើយក៏ដោយសារមានការចូលរួមសហការពីប្រជាពលរដ្ឋផងដែរ។
ជាក់ស្តែង ចំពោះបញ្ហាក្រុមក្មេងទំនើងដែលពីមុនតែងតែប្រមូលផ្តុំគ្នានៅតាមទីប្រជុំជន និងបង្កការរំខានដល់ប្រជាពលរដ្ឋ ត្រូវបានរដ្ឋបាលខេត្តចាត់វិធានការយ៉ាងដាច់ណាត់។ ឯកឧត្តមបានបញ្ជាក់ថា រៀងរាល់ម៉ោង៩យប់តទៅ អាជ្ញាធរនឹងចេញប្រតិបត្តិការបង្រ្កាបក្រុមទាំងនោះ មិនអនុញ្ញាតឱ្យប្រមូលផ្តុំគ្នាបន្តទៀតឡើយ។ ឯកឧត្តមបានបន្ថែមថា៖ «យើងបានធ្វើរដ្ឋបាលចំហរតាមផ្ទះសំណាក់ ហើយអាជ្ញាធរតាមមូលដ្ឋាននីមួយៗបានចុះសាកសួរ និងកំណត់ទីតាំងក្រុមក្មេងទំនើង ដើម្បីអនុវត្តវិធានការ»។
ទាក់ទងនឹងបញ្ហាគ្រឿងញៀនវិញ បើទោះបីជាមានភាពលំបាកបន្តិចបន្តួចក៏ដោយ ក៏រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ តែងតែចុះផ្សព្វផ្សាយនៅតាមខ្នងផ្ទះ និងក្រុមហ៊ុននានា ឱ្យចូលរួមពិនិត្យ និងសង្កេតមើលជាពិសេសក្រុមហ៊ុនសម្បទានដី ដើម្បីឱ្យពួកគេរាយការណ៍ពីអាកប្បកិរិយាគួរឱ្យសង្ស័យរបស់កម្មករទៅកាន់សមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់វិធានការទាន់ពេល និងឈានទៅដល់ការបង្ក្រាបក្រុមគ្រឿងញៀនទាំងនោះ។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ខេត្តរតនគិរីមាន ប្រជាការពារភូមិជាង ៣,០០០នាក់ ដែលបានបែងចែកជា ២៧៨ក្រុម ដើម្បីចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រជាការពារភូមិពិតជាមានសារៈសំខាន់ណាស់ ដោយពួកគេបានជួយសង្កេតការណ៍ តាមដាន និងល្បាតទាំងយប់ទាំងថ្ងៃជាមួយអាជ្ញាធរ ដើម្បីកំណត់ និងស្វែងរកមុខសញ្ញាក្រុមក្មេងទំនើង និងបទល្មើសនានា៕

អត្ថបទ៖មន្ត្រីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ