កំពង់ធំ៖ អង្ករសរុបជាង ១៦តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានប្រគេនជូនដល់វត្តអារាមដែលមានការខ្វះខាតជាង៥០វត្ត ក្នុងខេត្តកំពង់ធំ ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅបរិវេណវត្តឥន្ទ្រីយ័សំវរៈ ហៅវត្តកំពង់ធំ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។

នៅក្នុងពិធីនោះ លោកជំទាវ នួន ប៊ុនណា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដើម្បីពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់។ លោកជំទាវបានមានប្រសាសន៍ថា អំណោយនេះបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រដល់វិស័យព្រះពុទ្ធសាសនា។

ព្រះទេពសត្ថា សៀង សុខ ព្រះមេគណខេត្តកំពង់ធំ បានមានសង្ឃដីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានជួយឧបត្ថម្ភអង្ករទាន់ពេលវេលាដល់វត្តអារាមនានា ដែលកំពុងជួបការលំបាកក្នុងរដូវកាលបុណ្យកាន់បិណ្ឌ។ ព្រះអង្គបានបន្ថែមថា អំណោយនេះមិនត្រឹមតែជួយសម្រាលបន្ទុករបស់វត្តប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកដល់ការលើកកម្ពស់វិស័យសាសនាផងដែរ។

ពិធីប្រគល់-ទទួលអំណោយបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងដោយក្តីគោរពស្រលាញ់រវាងថ្នាក់ដឹកនាំ និងព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ។ អំណោយអង្ករទាំងនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ទ្រទ្រង់ការគង់នៅរបស់ព្រះសង្ឃ និងការរៀបចំព្រះរាជពិធីផ្សេងៗនៅក្នុងវត្តនីមួយៗ៕

អត្ថបទ៖ភ្នាក់ងារកំពង់ធំ

Share.