កំពង់ស្ពឺ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចាប់ខ្លួនជនជាប់ចោទម្នាក់ឈ្មោះ អ៊ួច សុខអាន ភេទប្រុស កើតឆ្នាំ ១៩៨៩ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ។ ជនត្រូវចោទត្រូវបានចោទប្រកាន់ពីបទឆបោក ដែលប្រព្រឹត្តនៅក្នុងខេត្តកំពង់ស្ពឺ កំឡុងឆ្នាំ ២០២៤។

ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ពីជនរងគ្រោះម្នាក់ឈ្មោះ អ៊ួច ណារិន ដែលបានរៀបរាប់ថា គាត់បានចាញ់បោកឈ្មោះ អ៊ួច សុខអាន និងបក្ខពួក ដោយពួកគេអះអាងថាមានសមត្ថភាពអាចរត់ការរឿងក្តីនៅតុលាការគ្រប់ជាន់ថ្នាក់។ ជនរងគ្រោះបានខ្ចីលុយគេប្រមាណជាង មួយម៉ឺនដុល្លារអាមេរិក ដើម្បីប្រគល់ឲ្យក្រុមជនឆបោកនេះ ក្នុងគោលបំណងឲ្យពួកគេជួយរត់ការដោះលែងកូនដែលជាប់ឃុំ។

ជាលទ្ធផល ជនរងគ្រោះបានបាត់បង់ប្រាក់ ហើយកូនរបស់គាត់ក៏នៅតែជាប់ឃុំដដែល។ ករណីនេះបានបង្ហាញពីល្បិចកលរបស់ជនឆបោកដែលបានទាញ យក ផលប្រយោជន៍ពីភាពអស់សង្ឃឹមរបស់ប្រជាពលរដ្ឋ។

អាជ្ញាធរអំពាវនាវដល់សាធារណជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសចំពោះករណីរត់ការរឿងក្តី ហើយទុកចិត្តលើដំណោះស្រាយតាមផ្លូវច្បាប់ជាជាងជឿជាក់លើជនខិលខូច៕

អត្ថបទ៖ ចតុម្មុខ

Share.