បន្ទាយមានជ័យ ៖ ការឈ្លានពានរបស់កងទ័ព ប៉ុលិសថៃ ដោយយកបន្លាលួសមករាយ សារជាថ្មី លើដីខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៤និង១៥នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានពលរដ្ឋរារាំង និងរើបន្លាលួសចេញ ហើយកម្លាំងកងទ័ពថៃ និងប៉ូលិស ប្រើប្រាស់កាំភ្លើងបាញ់គ្រាប់ជ័រ ជំពាម បាញ់គ្រាប់ដែក គប់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក ដំបង វាយ បាញ់ បណ្តាលឱ្យពលរដ្ឋខ្មែរ ព្រះសង្ឃ កងកម្លាំង រងរបួសសរុបចំនួន២៩នាក់ ។






យោងតាមមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ជនរងរគ្រោះ របួសធ្ងន់ ស្រាល សរុប២៩នាក់ ស្រី២នាក់ បានបញ្ជូនទៅសង្រ្គោះ និងព្យបាល នៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចំនួន២៤នាក់ , មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ចំនួន៤នាក់ , និងបាន បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះអង្គ ចំនួន១នាក់ ( ជាវីរៈកងទ័ព) ។



មន្ទីរសុខាភិបាលបានលើកឡើងថា នេះជាអំពើ ឃោរឃៅ និង អមនុស្សធម៌ មកលើប្រជាជនកម្ពុជា ស្លូតត្រង់ ដែលគ្មានអាវុធ ដែលត្រូវចងចាំទុកជាប្រវត្តិសាស្រ្ត មនុស្សជាតិ ហើយកោតសរសើរផងដែរ ចំពោះសហភារៈទាំងអស់ ដែលបានបំពេញការងារ យ៉ាងស្វិតសកវាញ បុរេសកកម្ម បម្រើប្រជាជនបាន យ៉ាងល្អប្រសើរ ក្នុងបុព្វហេតុ ប្រជាជន និង ជាតិមាតុភូមិ ។



ក្រោយពីកងទ័ព ប៉ូលិស ថៃ ប្រើហឹង្សា មកលើពលរដ្ឋខ្មែរ នៅនៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួល ជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយម៉ាឡេស៊ី ចុះទៅទីតាំងប៉ះទង្គិចគ្នា រវាងកងកម្លាំងថៃ និងពលរដ្ឋកម្ពុជា នៅចំណុចភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ៕
អត្ថបទ៖ តាតុងសែនជ័យ
