ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត នឹងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញអមដំណើរ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើ និងកូនត្នោតចំនួន២២០០០ដើម ស្ថិតនៅភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

  ពិធីដាំកូនឈើនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញពីសាមគ្គីភាព របស់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋ ក៏ដូចជាដើម្បីបង្កើតឱ្យមានដីព្រៃគម្របដីឡើងវិញ កាត់បន្ថយបញ្ហាអាកាសធាតុ គ្រោះធម្មជាតិ និងរក្សាបាននៅតុល្យភាពបរិស្ថាន ។  មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការដាំកូនឈើ និងកូនត្នោត គឺត្រូវបានដាំ និងបណ្តុះនៅក្នុងថ្នាលបណ្តុះកូនឈើរបស់ក្រសួងបរិស្ថាន ដែលគិតមកដល់ពេលនេះ គឺមានចំនួន ៥៥ទីតាំង ហើយ ដើម្បីធ្វើយ៉ាងណា អនុវត្តឱ្យបានការដាំកូនឈើចំនួន ១លានដើម នៅទូទាំងប្រទេស ។ 

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ការដាំកូនឈើ និងកូនត្នោតទាំងនេះ គឺជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ក្នុងការលើកកម្ពស់ការងារដាំដុះ និងថែរក្សាព្រៃឈើ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាមួយគ្នានោះក៏ការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមសកម្មភាពដាំដើមឈើ ឱ្យបានផុសផុល ដើម្បីបង្កើនគម្របព្រៃឈើ និងរក្សាបាននូវតុល្យភាពបរិស្ថានធម្មជាតិ ។

គួរបញ្ជាក់ផងដែថា៖ កូនឈើ និងកូនត្នោតចំនួន ២២០០០ដើម ត្រូវបានដាំដុះក្នុងស្រុកពញាក្រែកដើម្បីបង្កើតពន្លកបៃតង បញ្ហាញពីអត្តសញ្ញាណជាតិ និងជំរុញការងារបរិស្ថានផងដែរ ៕

អត្ថបទ៖អាចារ្យលាក់

Share.