ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានចេញមកបញ្ជាក់នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះថា គិតមកទល់ពេលនេះ ច្រកទ្វារព្រំដែនអន្ដរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅមិនទាន់បើកដំណើរការឡើងវិញនោះទេ។
អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានច្រានចោលនូវការបង្ហោះគណនី Facebook ឈ្មោះ Heng Heng ដែលបានបង្ហោះវីដេអូ និងមានខ្លឹមសារថា ” គេបើកច្រកទ្វារព្រំដែនវិញហើយ តែមេត្តាកុំភ្លេចរើបន្លាលួសផង បើបើកគ្រាន់តែបន្លប់បន្លំឱ្យពលរដ្ឋភ្លេចបន្លាលួស ស៊យហើយកម្ពុជា” ថាជាវិដេអូនោះគឺជាវីអូចាស់នោះទេ។


ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកដ្ឋានអន្តោប្រវសន៍ សូមធ្វើការស្រាយបំភ្លឺដូចតទៅ៖
១៖ គណនីហ្វេសប៊ុកឈ្មោះ Heng Heng បានយកវីដេអូនៅក្នុងផេក (Page Facebook) ឡៃលី ប៉ោយប៉ែត-Laily Poipet មកបង្ហោះនោះគឺជាវីដេអូចាស់របស់លោក ឡៃ លី ជាអ្នកសារព័ត៌មាន ទូរទស្សន៍ភីអិនអិន (PNN) ធ្វើការផ្សាយផ្ទាល់ (Live) នៅបរិវេណប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥មកម្ល៉េះ។


២៖ ចំពោះគណនីហ្វេសប៊ុកឈ្មោះ Heng Heng គឺជាគណនីហ្វេសប៊ុកប្រើប្រាស់ផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ត្រឹមត្រូវ ដែលមានចេតនាមិនល្អដោយយកវីដេអូព័ត៌មានចាស់មកបង្ហោះបំពុលសង្គម ធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំជាព័ត៌មានថ្មី។

អគ្គនាយកដា្ឋនអន្តោប្រវសន៍ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅមិនទាន់បើកដំណើរឡើងវិញនោះទេ៕
