ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ឲ្យបន្តខិតខំ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាបរិស្ថានក្នុងមូលដ្ឋានឲ្យបានស្អាតជានិច្ច។ ការអំពាវនាវនេះធ្វើឡើងក្នុងគោលបំណងធានាឲ្យប្រជាពលរដ្ឋមានបរិស្ថានល្អ មានសុភមង្គលក្នុងការរស់នៅ ទទួលបានសុខភាពល្អ និងអាយុយឺនយូរ។
ការអំពាវនាវនេះធ្វើឡើងក្នុងឱកាស ទិវាសម្អាតពិភពលោកលើកទី៨ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីស្អាតទឹក ស្អាតដី ស្អាតខ្យល់» នៅបរិវេណវត្តសុវណ្ណវារី ឃុំព្រែកតាទែន ស្រុកពញាឮ។ ពិធីនេះមានការយាង និងអញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុក ព្រមទាំងសិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ការចូលរួមសម្អាតបរិស្ថានរបស់ប្រជាពលរដ្ឋគឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះសំរាមកើតចេញពីមនុស្ស។ បើមនុស្សមិនបានយល់ដឹងពីផលប៉ះពាល់នៃសំរាម និងមិនចូលរួមគ្រប់គ្រងទេនោះ វានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងការរស់នៅរបស់យើង។ ឯកឧត្តមបានលើកឡើងពីបញ្ហា សំណល់ប្លាស្ទិក ដែលមិនងាយរលាយ និងបង្កជាតិពុលដល់បរិស្ថាន។ ដូច្នេះយើងត្រូវចេះគ្រប់គ្រង និងទុកដាក់សំរាមទាំងនោះឲ្យបានត្រឹមត្រូវ រួមទាំងចេះកែច្នៃសំណល់ប្លាស្ទិកដើម្បីប្រើប្រាស់ឡើងវិញ ដែលជាការចំណេញទាំងសេដ្ឋកិច្ច និងបរិស្ថាន។
ឯកឧត្តមបានបន្ថែមថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក៏ដូចជានយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តោតលើការរួមគ្នាដើម្បី «ស្អាតទឹក ស្អាតដី ស្អាតខ្យល់» ផងដែរ។ ក្រៅពីការប្រារព្ធពិធីនៅទីនេះ រដ្ឋបាលខេត្តក៏បាន និងកំពុងរៀបចំទិវានេះនៅតាមភូមិ ឃុំ-ស្រុកទូទាំងខេត្ត ដើម្បីរក្សាកិត្តិនាមរបស់កម្ពុជាដែលជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម ១៩១ ប្រទេសក្នុងទិវានេះកាលពីឆ្នាំ ២០២៤។
ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងពីសមិទ្ធផលក្នុងរយៈពេលជាង ២៥ខែនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរដ្ឋបាលខេត្តបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ដូចជាការកែលម្អផ្លូវថ្នល់ ប្រព័ន្ធលូ ទឹកស្អាត អគ្គិសនី ភ្លើងបំភ្លឺសាធារណៈ សួនច្បារតាមមាត់ទន្លេ និងការពង្រឹងការគ្រប់គ្រងសំណល់រឹង-រាវ។ ក្នុងនោះ សំណល់ប្លាស្ទិកជាង ៩០០ តោន ត្រូវបានប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ឯកឧត្តមសង្ឃឹមថា ការខិតខំប្រឹងប្រែងនេះនឹងធ្វើឲ្យខេត្តកណ្តាលក្លាយជាខេត្តស្អាត និងគ្មានសំណល់ប្លាស្ទិកនៅតាមដងទន្លេ ភូមិ ឃុំ-សង្កាត់ ក្នុងខេត្តឡើយ៕



អត្ថបទ៖ត្រយង