កំពង់ចាម៖ ដើមឈើផ្កាលម្អ ប្រភេទ”ជើងគោ” ចំនួន១៥.០០០ដើម ដែលជាអំណោយរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ត្រូវបានធ្វើពិធីដាំ នៅព្រំប្រទល់នៃស្រុក ព្រៃឈរ-ជើងព្រៃ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ពិធីនេះ មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ, មន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ថា ពិធីថ្ងៃនេះ យើងធ្វើការដាក់ដាំដើមឈើផ្កា “ជើងគោ” ចំនួន ២០០ដើម ជានិមិត្តរូប លើផែនការ ១៥.០០០ដើម ដែលធ្វើនឹងដជាបន្តបន្ទាប់ នៅតាមបណ្តោយផ្លូវជាតិលេខ៧ (ស្គន់-ក្រងកំពង់ចាម) សំដៅលើកកម្ពស់សោភណភាព នៅអមសងខាងផ្លូវ ដើម្បីឲ្យមានទេសភាពបៃតងស្រស់បំព្រងឡើង និងការពារជើងទេរផ្លូវជាដើម ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា រដ្ឋបាលខេត្តកំពង់ចាម បាននាំយកដើមផ្កាជើងគោចំនួន ១៥.០០០ដើម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ផ្តល់ជូនរដ្ឋបាលបាលខេត្ត ។

ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មន្ត្រីរាជការ ព្រះសង្ឃ បុគ្គលិកឯកជន ម្ចាស់រោងចក្រ សហគ្រាស ដែលនៅតាមបណ្ដោយផ្លូវជាតិលេខ៧ ចូលរួមជាមួយរដ្ឋបាលខេត្ត ដាំនិងជួយថែទាំតាមមុខលំនៅឋាន សាលារៀន វត្តអារាម រោងចក្រ សហគ្រាសរៀងៗខ្លួន ឲ្យបានគ្រប់ៗគ្នា ដោយការដាំនេះ គឺត្រូវដាំចំងាយពីចិញ្ចើមផ្លូវពី ១,៥ម៉ែត្រ ទៅ៣ម៉ែត្រ និងគម្លាតពី ៧ ទៅ១០ម៉ែត្រក្នុង១ដើម គ្រោងនឹងដាំដើមផ្កាជើងគោចំនួន ១៥.០០០ដើម ដែលផែនការនេះ ប្រើប្រាស់រយៈពេល៣ខែ ក្នុងការដាក់ដាំឲ្យរួចរាល់១០០% ។

គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ គម្រោងស្ថាបនា លើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង សម្រេចបានប្រមាណជាង៧០% ហើយ ដោយរំពឹងថា នឹងរួចរាល់នៅក្នុងឆ្នាំ២០២៦ ខាងមុខ ៕
អត្ថបទ៖អាចារ្យលាក់

Share.