មូស្គូ៖ ការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ បានវាយប្រហារនៅតំបន់ឆ្នេរសមុទ្រនៃឧបទ្វីប Kamchatka ស្ថិតនៅចុងបូព៌ារបស់ប្រទេសរុស្ស៊ី នៅព្រឹកថ្ងៃសុក្រ នេះ ដោយរង្គីដល់អគារជាច្រើន និងជំរុញឱ្យអាជ្ញាធរចេញការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ។​ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ​ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) បានរាយការណ៍ថា គ្រោះរញ្ជួយដីនេះបានវាយប្រហារនៅចម្ងាយ ១២៨គីឡូម៉ែត្រពីទីក្រុង Petropavlovsk-Kamchatsky និងមានជម្រៅរញ្ជួយទៅក្នុងដី ១០គីឡូម៉ែត្រ។

យ៉ាងណាទីភ្នាក់ងារក្នុងតំបន់នៃសេវាភូគព្ភសាស្រ្តរដ្ឋរបស់រុស្ស៊ី បានផ្ដល់ការប៉ាន់ស្មានទាបគឺ ៧.៤រ៉ិចទ័រប៉ុណ្ណោះ ដោយរាយការណ៍ថា យ៉ាងហោចណាស់មានគ្រោះរញ្ជួយដីចំនួន៥។

ជាមួយគ្នានោះ មជ្ឈមណ្ឌលព្រមានពីរលកស៊ូណាមិក្នុងតំបន់ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក ក៏បានប្រកាសអាសន្នពីរលកស៊ូណាមិផងដែរ តែប៉ុន្មានម៉ោងក្រោយមក បានលុបចោលការប្រកាសអាសន្ននេះវិញ។

ឧបទ្វីប Kamchatka ស្ថិតនៅលើខ្សែក្រវាត់ តិចតូនិច ដែលត្រូវបានគេស្គាល់ថាជា «រង្វង់ភ្លើង» (Ring of Fire) ដែលព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិកភាគច្រើន ហើយជាតំបន់ក្តៅនៃសកម្មភាពរញ្ជួយដី។

កាលពីខែកក្កដា ការរញ្ជួយដីដ៏ធំកម្រិត ៨.៨ រ៉ិចទ័រនៅឆ្នេរសមុទ្រនៃតំបន់នេះ បានបង្កឱ្យមានរលកយក្សស៊ូណាមី ដែលបានបោកបក់ផ្នែកមួយនៃភូមិជាប់ឆ្នេរសមុទ្រចូលទៅក្នុងសមុទ្រ និងបង្កជាការប្រកាសអាសន្ននៅប្រទេស និងតំបន់
ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ៕

ប្រភព៖ CNA

Share.