ត្បូងឃ្មុំ៖ ផ្លូវក្រាលកៅស៊ូមួយខ្សែ ស្ថិតក្នុងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កំពុងខូចខាតពិបាកធ្វើដំដើរយ៉ាងខ្លាំង ដោយសារមានគ្រលុកធំៗ ដក់ទឹកដែលងាយបង្ករគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ប្រចាំថ្ងៃ បើទោះបីមានសំណើរពីអាជ្ញាធរ ឃុំ និងស្រុក ជាងមួយឆ្នាំហើយក្តីក៏នៅមិនទាន់ទទួលបានគម្រោងជួសជុលនៅឡើយ។

 

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា ផ្លូវមួយខ្សែនេះគឺបានខូចជាយូមកហើយ តែចាប់ផ្តើមខូចខ្លាំងនៅខែវស្សាឆ្នាំនេះ ។ ខូចខ្លាំងដោយសារមានរថយន្តធំៗ ធ្វើសកម្មភាពដឹកជញ្ជូនថ្ម រាល់ថ្ងៃ ដោយមិនឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចណា ចុះនែនាំឬ ទប់ស្កាត់ឡើយ ។ ពួកគាត់បន្ថែមថា ការធ្វើដំណើរតាមបណ្តោយផ្លូវនេះគឺពិតជាពិបាកខ្លាំងណាស់ ព្រោះមានគ្រលុកជ្រៅៗ ងាយគ្រោះថ្នាក់បំផុត ហើយកន្លងមកមានអ្នកធ្វើដំណើរខ្លះ បានគ្រោះថ្នាក់ជួលម៉ូតូចូលភក់ជារើយៗផងដែរ។ 

ជុំវិញករណីនេះ លោក សុខ សារិទ្ធិ អភិបាលស្រុកតំបែរ បានឱ្យដឹងថា ផ្លូវនេះស្ថិតក្នុងគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយបានទទួលស្គាល់ថា ផ្លូវមួយខ្សែនេះគឺពិតជារងការខូចខាត់ពិបាកធ្វើតំណើរប្រាកដមែន ហើយអាជ្ញាធរឃុំ និងស្រុក បានដាក់សំណើរទៅអាជ្ញាធរខេត្ត និងមន្ទីជំនាញ់សុំការជួសជុលជាង១ឆ្នាំហើយ ខណៈមកដល់ពេលនេះមិនទាន់ទទួលបានដំណឹងថា និងត្រូវធ្វើការជួសជុលនៅពេលណានោះទេ។

លោកថា ផ្លូវមួយខ្សែនេះចាប់ផ្តើមខូចខ្លាំងបន្ទាប់មានរថយន្តដឹកថ្ម និងគ្រួសធំៗ របស់ការដ្ឋានថ្មមួយកន្លែងនៅភូមិបង្ហើខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ បើកដឹកថ្ម ដឹកគ្រួសឆ្លងកាត់រាល់ថ្ងៃ ។ ជុំវិញបញ្ហានេះ ស្រុកបានស្នើដល់មន្ទីជំនាញចុះពិនិត្យហើយដែរ តែខាងជំនាញមិនមានវិធានការទប់ស្កាត់នោះទេ ដោយលើកឡើងថា ផ្លូវធ្វើសម្រាប់ប្រជាពលរដ្ឋធ្វើដំណើររកស៊ីប្រចាំថ្ងៃ មិនអាចឃាត ឬមិនឱ្យដឹកជញ្ជូនបានឡើយ។

បើតាមអភិបាលស្រុករូបនេះអះអាងថា លោក និងអាជ្ញាធរឃុំបានសាកល្បងយកគ្រួស និងដីដាក់លុបបំពេញសម្រួលដល់ការធ្វើដំណើរបណ្តោះអាសន្នដែរ តែមិនអាចទប់ទល់បាន ខណៈថ្មម៉ិច និងដី ដែលបានចាក់ ខ្ទាតចេញក្លាយជាគ្រលុក លើសដើម ។  មិនអាចសុំការបំភ្លឺជុំវិញបញ្ហានេះ ពីលោក អាន ស៊ីណា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទដើម្បីសុំការបរិយាយបញ្ជាក់ តែទូរស័ព្ទរបស់លោកចូលហើយ មិនមានការលើកទទួលនោះទេ៕

អត្ថបទ៖អាចារ្យលាក់

Share.