ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសដាច់អហង្ការចំពោះការប្រើប្រាស់អំពើហិង្សារបស់អាជ្ញាធរថៃទៅលើប្រជាជន និងព្រះសង្ឃកម្ពុជាចំនួន ២៩ អង្គ/នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ ហេតុការណ៍នេះបានកើតឡើងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈពេលដែលពលរដ្ឋកម្ពុជាកំពុងធ្វើបាតុកម្មដោយសន្តិវិធីដើម្បីទាមទារសិទ្ធិរស់រានមានជីវិតលើទឹកដីកំណើតរបស់ខ្លួន។

រដ្ឋសភាបានចាត់ទុកទង្វើនេះថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ទង្វើនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តលើនយោបាយ និងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនាក់ទំនងល្អរវាងប្រទេសទាំងពីរឡើងវិញ។

រដ្ឋសភាកម្ពុជាបានអំពាវនាវដល់ភាគីថៃឱ្យដោះលែងជាបន្ទាន់នូវកងទ័ពកម្ពុជាទាំង ១៨ នាក់ដោយគ្មានលក្ខខណ្ឌ។ ទន្ទឹមនឹងនេះ រដ្ឋសភាក៏បានជំរុញឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តបទឈប់បាញ់នេះ និងលើកទឹកចិត្តឱ្យមានការបង្កើតក្រុមសង្កេតការណ៍អាស៊ានដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តបទឈប់បាញ់។

ជាថ្មីម្តងទៀត រដ្ឋសភាបានគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជាតាមរយៈការទូតនិងច្បាប់អន្តរជាតិ។

រដ្ឋសភាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វីរកងទ័ព កងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេស ដែលបានរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងការការពារជាតិមាតុភូមិ។ រដ្ឋសភាបានសង្កត់ធ្ងន់ថា ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សិទ្ធិ និងសេរីភាព គឺជាតម្លៃដ៏សំខាន់បំផុតសម្រាប់ប្រជាជាតិមួយ។ ដូច្នេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានកាតព្វកិច្ចត្រូវលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ៕

Share.