ធនាគារ វីង បានប្រគល់វិញ្ញាបនបត្រផ្លូវការបញ្ជាក់ពីការលុបបំណុលដែលមានទឹកប្រាក់សរុបជិត ៥០.០០០ ដុល្លារអាមេរិក ជូនដល់គ្រួសារយោធិនរងរបួសចំនួន ៣នាក់ នៅក្នុងខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយសារជម្លោះព្រំដែនខ្មែរ-ថៃ។
សូមចុចអាន៖ ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ដោយ​អនុវត្ត​តាម​ការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និងតបតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជាផងនោះ ធនាគារ វីង បានសម្រេចលុបចោលបំណុលទាំងស្រុងជូនដល់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនបានពលី ឬពិការក្នុងពេល​បំពេញ​បេសកកម្ម​ និងលុប​ចោល​បំណុលចំនួន ៧៥% សម្រាប់យោធិនដែលរងរបួស។ ចាប់តាំងពីចុងខែ កក្កដា ឆ្នាំ២០២៥មក ធនាគារ វីង បានធ្វើការដោយផ្ទាល់ជាមួយអាជ្ញាធរ និងគ្រួសារយោធិនដើម្បីធានាបាននូវដំណោះស្រាយឆាប់រហ័ស និងប្រកបដោយការគោរពដឹងគុណ។

ពិធីប្រគល់វិញ្ញាបនបត្រនេះត្រូវបានធ្វើឡើងនៅឯគេហដ្ឋានផ្ទាល់របស់គ្រួសារវីរយុទ្ធជនក្នុងខេត្តឧត្តរមានជ័យ។

លោក អ៊ុត សឿង អគ្គនាយករងប្រតិបត្តិ ទទួលបន្ទុកសេវាធនាគារបុគ្គល នៃធនាគារ វីង បានលើកឡើងថា៖ “តាងនាមឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ វីង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនដល់វីរកងទ័ពចំពោះការពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិរបស់យើង។ បងប្អូនគឺជាវីរបុរសដ៏អង់អាចនៃកម្ពុជាយើង។ យើងខ្ញុំសង្ឃឹមថា ការបន្ធូរបន្ថយបំណុលនេះនឹងជួយសម្រាលបន្ទុកក្រុមគ្រួសាររបស់បងប្អូនក្នុងអំឡុងពេលដ៏លំបាកនេះ។”

គ្រួសារយោធិននីមួយៗបានទទួលការលុបបំណុល ៧៥% ពីធនាគារ វីង។ ក្នុងចំណោមនោះ លោក ណន ធា ដែលជាយោធិនរងរបួសនៅក្នុងប្រតិបត្តិការសឹក មានទីលំនៅឋិតក្នុងខេត្តឧត្តរមានជ័យ បានថ្លែងអំណរគុណជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងធនាគារ វីង ដែលបានជួយគ្រួសាររបស់គាត់ក្នុងគ្រាដ៏សោកសៅនេះ។

លោក ណន ធា បាននិយាយថា៖ “ខ្ញុំនឹកស្មានមិនដល់ថា នឹងមានអ្នកណាមកជួយខ្ញុំដោយក្ដីមេត្តាបែបនេះឡើយ ខ្ញុំពិតជាអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងធនាគារ វីង ចំពោះសមានចិត្តនៃការយកចិត្តទុកដាក់ និងការជួយសម្រាលបន្ទុកដល់គ្រួសារខ្ញុំ។”

ចំណែកជនរងគ្រោះពីរគ្រួសារទៀតគឺ លោក ណុប​ វ៉ាន់ ជាយោធិនរងរបួសនៅក្នុងប្រតិបត្តិការសឹក និងអ្នកស្រី ផង់ ស្រីដាវ ដែលស្វាមីរបស់គាត់ជាមន្ត្រីប៉ូលីសការពារព្រំដែនហើយរងរបួសនៅក្នុងជម្លោះនេះផងដែរ។

តាំងពីជម្លោះនៅព្រំដែនបានកើតឡើង ក្រុមគ្រួសារជាច្រើនត្រូវបានបង្ខំចិត្តចាកចេញពីលំនៅឋាន។ ដោយមើលឃើញពីទុក្ខលំបាកនេះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានផ្តួចផ្តើម “មូលនិធិទ្រទ្រង់ជនភៀសសឹក” សម្រាប់ជួយទ្រទ្រង់ដល់គ្រួសាររងគ្រោះ ហើយបានអំពាវនាវដល់សាធារណជនឱ្យចូលរួមគាំទ្រផ្តល់ជំនួយដល់ពលរដ្ឋដែលរងគ្រោះ។ រហូតមកដល់បច្ចុប្បន្ន គ្រួសារជាង ២.០០០ គ្រួសារបានទទួលជំនួយតាមរយៈគំនិតផ្ដួចផ្ដើមនេះរួចមកហើយ៕

Share.