ខេត្តកំពង់ស្ពឺ៖ ដោយមានការដឹកនាំបញ្ជាពី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយ លោកវរសេនីយ៍ឯក ជា វណ្ណា សហការជាមួយកម្លាំងនគរបាលស្រុកសំរោងទង បានល្បាតក្នុងភូមិសាស្ត្រឃុំត្រពាំងគង។
កម្លាំងបានប្រទះឃើញក្រុមជនសង្ស័យជាក្មេងទំនើងចំនួន ៦នាក់ ជិះម៉ូតូចំនួន ៣គ្រឿង ម៉ាក Honda C125 ចំនួន ២គ្រឿង និងម៉ាក Zoomer-X ចំនួន ១គ្រឿង មានកាន់កាំបិតផ្គាក់ និងដាវដេញកាប់ជនរងគ្រោះដើម្បីប្លន់យកម៉ូតូ Honda C125 ឆ្នាំ២០២២ ពណ៌ខ្មៅមួយគ្រឿង។
ភ្លាមៗនោះ កម្លាំងល្បាតបានអន្តរាគមន៍ និងឃាត់ខ្លួនបានជនសង្ស័យ ២នាក់នៅនឹងកន្លែង៖
- ទី១៖ ឈ្មោះ ធី ស៊ីធុយ ភេទប្រុស អាយុ ១៧ឆ្នាំ
- ទី២៖ ឈ្មោះ មឿន ភក្ត្រា ភេទប្រុស អាយុ ១៨ឆ្នាំ
កម្លាំងក៏បានដកហូតកាំបិតផ្គាក់មួយ និងម៉ូតូ Honda C125 ឆ្នាំ២០២១ ពណ៌ខ្មៅមួយគ្រឿងផងដែរ។ ជនសង្ស័យបានសារភាពថា ពួកគេទាំង ៦នាក់ទើបតែបានប្លន់យកម៉ូតូមួយគ្រឿងទៀតតាមផ្លូវ។
ដោយមានការសម្របសម្រួលផ្នែកនីតិវិធីពី លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ កម្លាំងក៏បានបន្តសហការជាមួយអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួនបក្ខពួក ៤នាក់ទៀត៖
- ទី១៖ ឈ្មោះ អេង វុទ្ធី ភេទប្រុស អាយុ ១៨ឆ្នាំ (មានដីកាចាប់ខ្លួនរួចហើយ)
- ទី២៖ ឈ្មោះ អ៊ីម សុវណ្ណាថាច់ ភេទប្រុស អាយុ ១៧ឆ្នាំ
- ទី៣៖ ឈ្មោះ វ៉ាត់ ពិសិដ្ឋ ភេទប្រុស អាយុ ១៥ឆ្នាំ
- ទី៤៖ ឈ្មោះ ភាព មនា ភេទប្រុស អាយុ ១៥ឆ្នាំ
ក្នុងប្រតិបត្តិការនេះ កម្លាំងបានដកហូតម៉ូតូ Honda C125 ឆ្នាំ២០១៧ ពណ៌ខ្មៅមួយគ្រឿងទៀត។ បន្ទាប់មក កម្លាំងក៏បានបន្តសហការជាមួយនគរបាលខណ្ឌកំបូល និងនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនបក្ខពួក ៣នាក់បន្ថែមទៀត៖
- ទី១៖ ឈ្មោះ សុខ ធី ភេទប្រុស អាយុ ១៧ឆ្នាំ
- ទី២៖ ឈ្មោះ ផល ចំរ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ
- ទី៣៖ ឈ្មោះ ឆេន ពិសិដ្ឋ ភេទប្រុស អាយុ ១៦ឆ្នាំ
តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ដែលបានចូលរួមក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងសរុបមានម៉ូតូចំនួន ៤គ្រឿង ដាវ ១ កាំបិតផ្គាក់ ១ និងឃាត់ខ្លួនជនសង្ស័យបានសរុប ៩នាក់។ ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ចតុមុខ