សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីការពង្រីក នៅក្នុងវិស័យកីឡា ជាមួយប្រទេសប្រេស៊ីល ដែលជាប្រទេសមានសក្កានុពលណាស់ ជាពិសេសធនធានកីឡាល្អៗណាស់ នៅពេលដែលគេនិយាយពីប្រេស៊ីលគេនឹងនឹកឃើញកីឡា ហើយសម្ដេចក៏ជាអ្នកស្រឡាញ់វិស័យកីឡានេះ និងជាអ្នកគាំទ្រប្រេស៊ីលផងដែរនៅពេលកន្លងមក ទាំងកីឡាបាល់ទាត់ និងបាល់ទះជាដើម។

ការលើកឡើងដូចនេះ ធ្វើឡើងក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសារតាំងលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងទាក់ទងទៅនឹងការពង្រីក នៅក្នុងវិស័យកីឡា ដោយសម្ដេចតេជោបានលើកឡើងថា ប្រេស៊ីលមានសក្កានុពលណាស់ ជាពិសេសធនធានកីឡាល្អៗណាស់ នៅពេលដែលគេនិយាយពីប្រេស៊ីលគេនឹងនឹកឃើញកីឡា ហើយសម្ដេចក៏ជាអ្នកស្រឡាញ់វិស័យកីឡានេះ និងជាអ្នកគាំទ្រប្រេស៊ីលផងដែរនៅពេលកន្លងមក ទាំងកីឡាបាល់ទាត់ និងបាល់ទះជាដើម ។
សម្ដេចតេជោ បន្ថែមថា ដូច្នេះភាគីទាំងពីរគួរតែពង្រីកទៅលើវិស័យកីឡាជាមួយគ្នា ជាពិសេសគឺការបញ្ជូនគ្រូបង្វឹករបស់ប្រេស៊ីលមកជួយបង្វឹកផ្នែកកីឡារបស់កម្ពុជា ដូចជាកីឡាបាល់ទាត់ និងកីឡាបាល់ទះ ដែលជាផ្នែកមួយដ៏សំខាន់ដើម្បីចំណងមិត្តភាពរវាងប្រទេសទាំងពីរផង ហើយដើម្បីជំរុញនូវការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនឱ្យកាន់តែមានចម្រើនទៅជាមួយនឹងគ្នា។

ឆ្លើយតបទៅនឹងការលើកឡើងរបស់សម្ដេចតេជោ លោកជំទាវក៏បានរំលេចដោយបញ្ជាក់ថា ប្រេស៊ីលនឹងពិចារណាក្នុងការរៀបចំឱ្យមានគ្រូបង្វឹកមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងការបណ្ដុះបណ្ដាលផ្នែកកីឡាបាល់ទះកីឡាបាល់ទាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបានលើកឡើងថានេះជារឿងមួយដែលភាគីទាំងពីរអាចធ្វើបានទៅជាមួយគ្នា ហើយធ្វើបានក្នុងពេលឆាប់ៗ។
នៅក្នុងជំនួបនេះសម្ដេចតេជោក៏បាន ជម្រាបជូនលោកជំទាវអំពីបញ្ហាព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីរឿងរ៉ាវនៃបញ្ហានាពេលកន្លងមក។ ជាមួយគ្នានោះលោកជំទាវក៏បានឆ្លើយតបជាមួយសម្ដេចតេជោថា ប្រេស៊ីលគឺគាំទ្រនូវការដោះស្រាយបញ្ហាដោយសន្តិវិធីរវាងកម្ពុជា និងថៃ ដោយលោកជំទាវជំរុញឱ្យភាគីទាំងពីរគោរពនូវបទឈប់បាញ់ ហើយឈានទៅរកការដោះស្រាយបញ្ហា វិលមករកប្រក្រតីភាពឡើងវិញ។
ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរលោកជំទាវ ឯកអគ្គរដ្ឋទូតប្រេស៊ីលថ្មីប្រចាំនៅកម្ពុជា សូមទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការទូតក្នុងព្រះរាជាណាចក្រកម្ពុជា៕
ប្រភព៖ ផេក Samdech Hun Sen of Cambodia


