សង្ខេបចំណុចសំខាន់ៗ នៃការធ្វើបទបង្ហាញរបស់លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេសស្តីពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ បទបង្ហាញនេះមានការចូលរួមពីសមាជិកអង្គទូតបរទេសចំនួន៤៣រូប និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

កម្ពុជាតែងតែបានបង្ហាញនូវសុឆន្ទៈក្នុងការស្វែងរកវិធានការ ជាក់ស្ដែងដើម្បីកាត់បន្ថយភាពតានតឹង លើកកម្ពស់ការជឿជាក់ ទៅវិញទៅមក និងស្តារឡើងវិញនូវ ប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសនិងប្រជាជនទាំងពីរ។
កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តសម្របសម្រួលជាមួយភាគីថៃ ដើម្បី រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ឱ្យបានទាន់ពេលវេលា បើទោះបីជាភាគីថៃមានការលំបាកដោយសារការកែសម្រួលនិងការផ្លាស់ប្តូរថ្នាក់ដឹកនាំតាមបណ្ដាយោធភូមិភាគរបស់ខ្លួនយ៉ាងណាក៏ដោយ។
បើទោះបីជាមានការវិវត្តជាវិជ្ជមានគួរឱ្យកត់សម្គាល់ក៏ដោយ ក៏អ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃ រដ្ឋបាលខេត្ត ស្រះកែវ ក៏ដូចជាបណ្តាញព័ត៌មានថៃមួយចំនួន នៅតែមានចេតនាក្នុងការពង្រីកវិសាលភាពជម្លោះនិងបង្កឱ្យមានភាពតានតឹង តាមរយៈការបណ្ដេញ ដោយខុសច្បាប់ប្រជាពលរដ្ឋខ្មែរចេញពីផ្ទះនិងដីដែលពួកគាត់បានរស់នៅនិងអាស្រ័យផលជាច្រើនទសវត្សរ៍មកហើយ។
បើទោះបីជាផ្អែកទៅលើខ្សែមិនផ្លូវការ ដែលគូសនៅលើផែនទីរូបភាពផ្កាយរណប ជាឯកតោភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ ៤២ និងលេខ៤៣ និងចន្លោះបង្គោលព្រំដែនលេខ៤៤ ដល់បង្គោលលេខ៤៧ នេះក៏ដោយ ក៏អាច សង្កេតឃើញថា ការអង្កេតនៅលើដីជាក់ស្ដែង បានបង្ហាញ និងបញ្ជាក់ច្បាស់ថា ក៏មានការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃចូលមកកម្ពុជាវិញផងដែរ។
ដោយយោងទៅលើភាពស្មុគស្មាញ និងការលំបាកនៅក្នុងការដោះស្រាយបញ្ហាព្រំដែន លោកជំទាវ អ៊ាត សោភា បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការដោះស្រាយបញ្ហាទាំងនេះឱ្យបាន ហ្មត់ចត់ និងត្រឹមត្រូវ ព្រមទាំងទាមទារឱ្យគោរពទៅតាមកិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។
ជាមួយគ្នានេះ លោកជំទាវ អ៊ាត សោភា បានរំលឹកផងដែរថា កិច្ចប្រជុំពិសេសលើកទី១ក៏បាន ប្រគល់ភារកិច្ចឱ្យអភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវសម្របសម្រួលគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់ សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មា- ធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ៕








