ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានរបូត២គ្រាប់ បាត់បង់៣ពិន្ទុ ប្រកួតទី២ ពូល B ជាមួយ Nam Dinh FC របស់វៀតណាម នៃពានរង្វាន់ក្លិបក្នុងតំបន់អាស៊ាន ASEAN Club Championship (Shopee Cup) 2024/25 វគ្គចែកពូល នៅថ្ងៃទី២៥ កញ្ញា ២០២៥។

ក្នុងការប្រកួតដ៏ជក់ចិត្តក្នុងពហុកីឡដ្ឋាន Thien Truong ក្នុងប្រទេសវៀតណាម នៅដើមតង់ទី១ ក្រុមទាំង២ សម្រុកគ្នាទៅវិញទៅមក លុះដល់នាទីទី៣៦ កីឡាករ Ti Phong របស់ Nam Dinh បានបំប៉ោង សំណាញ់ទីបាន១គ្រាប់ រំលង់បាន៤នាទី កីឡាករ Ti Phong ដដែលបន្ថែម ១គ្រាប់ទៀតរហូតដល់ចប់តង់ទី១។
ឈានដល់តង់ទី២ ក្រុមទាំងនៅតែបន្តសម្រុកគ្នាទៅវិញទៅមក រហូតដល់មានពិន័យកាតក្រហម១ ដល់កីឡាករ Mahmoud Eid របស់ Nam Dinh នៅនាទីទី៥៩ បន្តការប្រកួតរហូតដល់នាទីទី៨១ ព្រះខ័នរាជស្វាយរៀង មានឱកាសរកបាន ១គ្រាប់វិញ ដោយកីឡាករ Patrick Robson ការប្រកួតនៅតែរក្សាលទ្ធផល ២ទល់និង១ រហូតដល់បញ្ចប់ការប្រកួតពេញ៩០នាទី។

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឆ្លងកាត់ ២ប្រកួតរួមមកនៅក្នុងពូល B ឈ្នះ ១ និងចាញ់ ១ មាន ៣ពិន្ទុ ឈរនៅលេខ៣ រួមមាន៖
- ក្រុម Johor Darul Ta’zim FC ម៉ាឡេស៊ី ២ប្រកួត ឈ្នះ២ មាន ៦ពិន្ទុ
- ក្រុម Nam Dinh FC វៀតណាម ១ប្រកួត ឈ្នះ ១ មាន ៣ពិន្ទុ
- ក្រុម ព្រះខ័នរាជស្វាយរៀង កម្ពុជា ២ប្រកួត ឈ្នះ១ ចាញ់ ១ មាន ៣ពិន្ទុ
- ក្រុម Lion City Sailors FC សិង្ហបុរី ១ប្រកួត ចាញ់១ មាន ០ពិន្ទុ
- ក្រុម Shan United FC មីយ៉ាន់ម៉ា ១ប្រកួត ចាញ់១ មាន ០ពិន្ទុ
- ក្រុម Bangkok United FC ថៃ ១ប្រកួត ចាញ់១ មាន ០ពិន្ទុ
សម្រាប់លទ្ធផល និងកម្មវិធីប្រកួតរបស់ព្រះខ័នរាជស្វាយរៀង នៅក្នុងពូល B រួមមាន៖
- ថ្ងៃទី២១ សីហា ២០២៥៖ Shan United FC ០-៣ ព្រះខ័នរាជស្វាយរៀង
- ថ្ងៃទី២៥ កញ្ញា ២០២៥៖ Nam Dinh FC ២-០ ព្រះខ័នរាជស្វាយរៀង
- ថ្ងៃទី៤ ធ្នូ ២០២៥៖ ព្រះខ័នរាជស្វាយរៀង ជួប Johor Darul Ta’zim FC
- ថ្ងៃទី២៩ មករា ២០២៥៖ ព្រះខ័នរាជស្វាយរៀង ជួប Bangkok United FC
- ថ្ងៃទី៥ កុម្ភ: ២០២៥៖ Lion City Sailors FC ព្រះខ័នរាជស្វាយរៀង

សូមបញ្ជាក់ថា សម្រាប់រូបមន្តប្រកួតនៅក្នុងពូលគឺក្រុមដែលមានពិន្ទុខ្ពស់ជាងគេ និងក្រុមលេខ២ តាមពូលទាំងពីរនឹងមានឈ្មោះឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រកួតគ្នាចំនួន២ជើង Home/Away ក្រុមឈ្នះ២ក្រុម នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ក្លិបបាល់ទាត់ថៃ Buriram United គឺជាម្ចាស់ជើងឯកឆ្នាំចាស់ នៃពានរង្វាន់ក្លិបកំពូលអាស៊ាន ASEAN Club Championship (Shopee Cup 2024/25) ក្រោយឈ្នះក្លឹបវៀតណាម Cong An Hanoi ៣ទល់២ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកតំបន់អាស៊ាន ASEAN Club Championship នេះធ្លាប់រៀបចំឡើង២លើកមក ដោយក្នុងឆ្នាំ២០០៣ ជើងឯកបានទៅក្រុម East Bengal របស់ឥណ្ឌា ក្រោយយកឈ្នះក្រុម BEC Tero Sasana របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយឆ្នាំ២០០៥ ជើងឯកបានទៅក្រុម Tampines Rovers របស់សិង្ហបុរី ក្រោយយកឈ្នះលើក្រុម Pahang FA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៤-២ នៅទីក្រុងបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ៕
