យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះឱ្យដឹងថា កោះតៃវ៉ាន់​នៅតែបន្តស្វែងរកអ្នកបាត់ខ្លួនចំនួន ២២ នាក់ បន្ទាប់ពីរងឥទ្ធិពលនៃព្យុះទីហ្វុងរ៉ាហ្គាសា (Ragasa) បង្កឱ្យមានទឹកជំនន់ធំ និងបានជម្លៀសប្រជាជនចេញពីទីគ្រោះថ្នាក់ភ្លាមៗ។

ឥទ្ធិពលនៃព្យុះទីហ្វុងរ៉ាហ្គាសា បានបណ្ដាលឱ្យមនុស្ស ១៧ នាក់បាត់បង់ជីវិតនៅកោះតៃវ៉ាន់ រីឯក្រុមអ្នក​ជួយ​សង្គ្រោះ​នៅតែបន្តស្វែងរកអ្នកបាត់ខ្លួនបន្ថែមទៀតនៅតាមផ្ទះដែលលិចទឹកក្នុងតំបន់ជាច្រើនទៀតផងដែរ។ រដ្ឋាភិបាលតៃវ៉ាន់បានបញ្ជាក់ពីចំនួនអ្នកបាត់ខ្លួនជាថ្មី ដោយកាត់បន្ថយពី ៣៣ នាក់មកត្រឹម ២២ នាក់ ដែលជាទិន្ន័យច្បាស់ការ បន្ទាប់ពីពួកគេបានរកឃើញមនុស្សមួយចំនួនទៀតក្នុងប្រតិបត្តការជួយសង្គ្រោះ។

ជាធម្មតា កោះតៃវ៉ាន់ មានប្រព័ន្ធហ្វឹកហាត់ជម្លៀសប្រជាជនដ៏តឹងរ៉ឹងបំផុត នៅពេលមានព្យុះកំណាចទីហ្វុង ជាពិសេសនៅតំបន់ភ្នំ និងឆ្នេរភាគខាងកើតនៃកោះដែលមានប្រជាជនតិច ដែលអាចជួយកាត់បន្ថយហានិភ័យបានមួយកម្រិត។ តំបន់ជនបទជាច្រើននៅតៃវ៉ាន់ ជាពិសេសនៅភាគខាងកើត មានប្រជាជនវ័យចំណាស់ច្រើន ដោយសារតែយុវជនភាគច្រើនបានផ្លាស់ទៅធ្វើការនៅទីក្រុង។

យ៉ាងណាមិញ បន្ទាប់ពីចូលបោកបក់យ៉ាងគំហុកនៅកោះតៃវ៉ាន់ ព្យុះទីហ្វុងរ៉ាហ្គាសាបន្តដំណើរទៅកាន់ឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសចិន ទីក្រុងហុងកុង ហ្វីលីពីន និងប្រទេសថៃវិញម្តង៕

Share.