ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៥នេះ បានចេញសារបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងថ្មីៗនេះរបស់អាជ្ញាធរថៃមួយចំនួន ស្តីពីខ្សែបន្ទាត់ព្រំដែនគោកនៅតាមតំបន់ដែលមិនទាន់បានកំណត់ព្រំដែនពេញលេញ ហើយអំពាវនាវឱ្យភាគីទាំងពីរ បន្តដោះស្រាយបញ្ហាប្រឈមទាំងនេះដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់។

យោងតាមសំណេរជាភាសាអង់គ្លេសនោះ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងជិតខាងរវាងកម្ពុជា និងថៃ នឹងបន្តស្ថិតស្ថេរអស់ជាច្រើនសតវត្សរ៍តទៅមុខទៀត។ ទោះបីជាព្រំដែនគោកមិនទាន់ត្រូវបានកំណត់ទាំងស្រុងក៏ដោយ ប្រជាពលរដ្ឋទាំងសងខាងបានរស់នៅ និងបង្កបង្កើនផលលើដីរាប់ទសវត្សរ៍មកហើយនៅក្នុងតំបន់ជាច្រើនដែលនាំឱ្យមានជម្លោះ។ ជម្លោះទាំងនេះ ត្រូវបានដោះស្រាយដោយសន្តិវិធីតាមរយៈ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ហើយបញ្ហាស្មុគស្មាញត្រូវបានបញ្ជូនទៅ គណៈកម្មការចម្រុះសម្រាប់បោះបង្គោលព្រំដែនដីគោក (JBC) ដើម្បីដោះស្រាយ ស្របតាម អនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ ២០០០ ដែលបានចុះបញ្ជីជាមួយអង្គការសហប្រជាជាតិ។

បដិសេធការអះអាងរបស់ភាគីថៃ

ថ្មីៗនេះ អនុអ្នកនាំពាក្យកងទ័ពថៃ អភិបាលខេត្តស្រះកែវ និងគណនីហ្វេសប៊ុក “Royal Thai Army: Update” បានបង្ហាញជាសាធារណៈនូវផែនទីផ្កាយរណប និងឯកសារផ្លូវការ ដោយអះអាងថា ខ្សែបន្ទាត់ព្រំដែនភ្ជាប់បង្គោលព្រំដែនលេខ ៤២ និង ៤៣ (ភូមិព្រៃចាន់) និងបង្គោលព្រំដែនលេខ ៤៤-៤៧ (ភូមិជោគជ័យ) ត្រូវបានដោះស្រាយរួចហើយ។

សម្តេច ហ៊ុន ម៉ាណែត បានច្រានចោលការអះអាងនេះ ដោយលើកឡើងនូវហេតុផលសំខាន់ពីរ៖ ១. ក្រុមការងារវាស់វែងនៃប្រទេសទាំងពីរ បានឯកភាពតែលើទីតាំងបង្គោលព្រំដែនលេខ ៤៣ ប៉ុណ្ណោះ មិនមែនបង្គោលព្រំដែនលេខ ៤២ ទេ។ ២. ក្រុមការងារវាស់វែង មិនមានអាណត្តិ ឬសិទ្ធិអំណាច ក្នុងការសម្រេចលើខ្សែបន្ទាត់ព្រំដែននោះទេ

សម្តេចបានពន្យល់ថា កំណត់ត្រាដែលបានចុះហត្ថលេខានោះ គឺគ្រាន់តែជា ជំហានទី ១ នៃការងារកំណត់ព្រំដែនទាំង ៥ ជំហាន ដែលបានចែងក្នុងលក្ខខណ្ឌយោង (TOR) ឆ្នាំ ២០០៣ ប៉ុណ្ណោះ។សម្តេចថា ការអះអាងទាំងនេះ មិនពិតទេ ដោយសារហេតុផលសាមញ្ញ ២ យ៉ាង៖ ១) ក្រុមការងារវាស់វែងនៃប្រទេសទាំងពីរបានឯកភាព តែលើទីតាំងបង្គោលព្រំដែនលេខ ៤៣ ប៉ុណ្ណោះ មិនមែនបង្គោលព្រំដែនលេខ ៤២ ទេ, និង ២) ក្រុមការងារវាស់វែង មិនមានអាណត្តិ ឬសិទ្ធិអំណាច ក្នុងការសម្រេចលើខ្សែបន្ទាត់ព្រំដែននោះទេ។

ការរក្សាស្ថានភាពដើម និងការពិតជាក់ស្តែង

តាម MOU ឆ្នាំ ២០០០ ភាគីទាំងពីរបានឯកភាពគ្នា រក្សាស្ថានភាពដើម (Status Quo) រហូតដល់ការងារកំណត់ព្រំដែនត្រូវបានបញ្ចប់។ យ៉ាងណាមិញ សម្តេចធិបតីបានគូសបញ្ជាក់ថា សូម្បីតែផ្អែកលើខ្សែបន្ទាត់ដែលគូសដោយឯកតោភាគីរបស់ថៃ ក៏ការពិតជាក់ស្តែងនៅលើដីគឺថា ប្រជាពលរដ្ឋថៃបាននិងកំពុងកាន់កាប់ និងធ្វើស្រែចម្ការអស់ជាច្រើនហិកតា ដែលស្ថិតនៅយ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជា។ ស្ថានភាពនេះបង្ហាញពីភាពស្មុគស្មាញនៃបញ្ហា។

ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌ ចំពោះរាល់ជម្លោះព្រំដែនជាមួយថៃ តាមរយៈមធ្យោបាយសន្តិភាព និងស្របតាមច្បាប់អន្តរជាតិ។

សម្តេចធិបតីបានបញ្ជាក់ជំហរយ៉ាងមុតមាំថា៖ «ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយបង្ខំឡើយ»។ កម្ពុជាគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសជិតខាង ប៉ុន្តែទាមទារឱ្យអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនត្រូវបានគោរពយ៉ាងពេញលេញផងដែរ។ សម្តេចក៏បានអំពាវនាវឱ្យប្រទេសទាំងពីរ បន្តដោះស្រាយតំបន់មានជម្លោះតាមរយៈយន្តការ JBC ដែលជាយន្តការដែលប្រទេសទាំងពីរបានធ្វើការរួមគ្នាប្រកបដោយស្ថាបនារាប់ឆ្នាំមកហើយ៕

អត្ថបទ៖ត្រយង

Share.