ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសជួយកសាងលំនៅឋានជូនអតីតយុទ្ធជន។ ការប្រកាសនេះបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុង ពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងឧបត្ថម្ភសាងសង់ផ្ទះចំនួន ១០០ខ្នង ក្នុងមួយឆ្នាំ រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០៣០ ដែលជាពេលវេលាអាណត្តិរបស់សម្តេចនឹងផុតកំណត់។ សរុបមក ផ្ទះចំនួន ៥០០ខ្នង នឹងត្រូវកសាងជូនអតីតយុទ្ធជនដែលខ្វះខាត។

សម្តេចបានបន្ថែមថា៖

  • សម្រាប់ឆ្នាំ២០២៥ នេះ នឹងបើកប្រាក់សាងសង់ផ្ទះសម្រាប់ ១០០ខ្នង នៅថ្ងៃនេះ ឬថ្ងៃស្អែក។
  • ឆ្នាំបន្តបន្ទាប់នឹងបន្តបើកប្រាក់សាងសង់ ១០០ខ្នងទៀត រហូតដល់គ្រប់ ៥ឆ្នាំ គឺឆ្នាំ២០៣០។
  • បន្ទាប់ពីឆ្នាំ២០៣០ សម្តេចនឹងបន្តពិនិត្យមើលលទ្ធភាពនៃការជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនបន្តទៀត។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានជំរុញឲ្យ សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា បន្តគម្រោងសាងសង់ ផ្ទះជូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានស្នាដៃ និងមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចហើយ នៅតាម សហគមន៍ ដោយសម្តេចមើលឃើញថា គម្រោងនេះមានប្រសិទ្ធភាព ដោយសារមានការចូលរួមជាបដិភាគ ដីពីម្ចាស់ផ្ទះផ្ទាល់ និងការឧបត្ថម្ភជាថវិកា និងសម្ភារៈពីសមាគម អាជ្ញាធរ និងសប្បុរសជននានា៕

អត្ថបទ៖ត្រយង

Share.