រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្ដីពី «អំណាច និងសកម្មភាពរបស់ស្ត្រី» (Femmes de pouvoir et Femmes d’action) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
កម្មវិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, និងជាពិសេសវត្តមានរបស់លោកស្រី Claudie Haigneré មន្ត្រីជាន់ខ្ពស់នៃកងពលកិត្តិយស គ្រូពេទ្យ និងជាស្ត្រីបារាំងដំបូងគេដែលបំពេញការងារផ្នែកលម្ហអវកាស ដែលជាគំរូដ៏ល្អឥតខ្ចោះសម្រាប់ស្ត្រីកម្ពុជា។
ស្ត្រីខ្មែរឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍ
តាមរយៈសុន្ទរកថា លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា កម្មវិធីចែករំលែកបទពិសោធន៍នេះ បានផ្ដល់តម្លៃដ៏ធំធេងដល់ស្រ្តីកម្ពុជា។ លោកជំទាវបានបញ្ជាក់ថា កម្ពុជាមានប្រពៃណីឱ្យតម្លៃខ្ពស់ដល់តួនាទីស្ត្រីក្នុងសង្គមតាំងពីបរមបុរាណ ហើយបច្ចុប្បន្នកម្ពុជាកំពុងជំរុញលើកទឹកចិត្តឱ្យស្ត្រីចូលរួមក្នុងការអភិវឌ្ឍជាតិគ្រប់រូបភាព និងសិក្សាបានខ្ពស់ ក្លាយជាវិស្វករជាដើម។
លោកជំទាវបានលើកយកលោកស្រី Claudie Haigneré ជាឧទាហរណ៍ថា៖ «ដូច្នេះសូមស្រ្តីកម្ពុជាយើងបន្តការខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាពឱ្យបានរឹងមាំ»។
ចំណែកឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង ក៏បានសម្តែងក្ដីរីករាយដែលបានឃើញកំណើនស្ត្រីក្នុងវិស័យវិស្វកម្ម និងវិទ្យាសាស្ត្រនៅកម្ពុជា និងបង្ហាញការជឿជាក់ថាស្ត្រីដែលចូលរួមក្នុងសន្និសីទនេះ នឹងបន្តខិតខំអភិវឌ្ឍខ្លួនឈោងចាប់ឱកាស ក្លាយជាអ្នកដឹកនាំផងដែរ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជានិងបារាំង និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាលបារាំងដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា៖«ពិតណាស់ វិទ្យាសាស្ត្រមិនមែនសម្រាប់តែបុរសទេ ការចង់ដឹងចង់ឃើញ ភាពវៃឆ្លាត និងការច្នៃប្រឌិត គឺមានលក្ខណៈជាសកល»។
ដើម្បីបញ្ជាក់ពីសក្ដានុពលនេះ ឯកឧត្តមបានលើកយកលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗនេះ ដែលបង្ហាញថា អត្រាសិស្សជាស្ត្រីទទួលបាននិទ្ទេស A មានដល់ទៅ ៥៦,៤១% នៃចំនួននិទ្ទេស A សរុប។
ឯកឧត្តមបានសង្កត់ធ្ងន់ថា យុវនារីគ្រប់រូបដែលជ្រើសរើសក្លាយជាវិស្វករ អ្នកវិទ្យាសាស្ត្រ ឬអ្នកស្រាវជ្រាវ គឺមិនត្រឹមតែសម្រាប់អនាគតខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការអភិវឌ្ឍប្រទេសជាតិផងដែរ។

សារផ្ដាំផ្ញើ៖ «ហ៊ានជឿលើក្តីសុបិន្តរបស់អ្នក»
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះលោកស្រី Claudie Haigneré ដែលជាគំរូឧត្តមភាពបង្ហាញយ៉ាងច្បាស់ថា គ្មានដែនកំណត់ឡើយសម្រាប់ស្រ្តី ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។
ជាចុងក្រោយ ឯកឧត្តមបានផ្ដាំផ្ញើទៅកាន់យុវតីទាំងអស់ថា៖ «ត្រូវហ៊ានជឿលើក្តីសុបិន្តរបស់អ្នក ហ៊ានប្រឡូកក្នុងពិភពវិទ្យាសាស្ត្រ ហ៊ានប្រឡូកក្នុងភាពច្នៃបង្កើតថ្មី អនាគតត្រូវការអ្នកទាំងអស់គ្នា»។ សន្និសីទនេះបានរួមចំណែកកសាងទស្សនៈវិស័យរួមគ្នា ប្រែក្លាយកម្ពុជាទៅជាប្រទេសដែលផ្ដល់ឱកាសល្អបំផុតសម្រាប់យុវតីវ័យក្មេងឱ្យក្លាយជាអ្នកបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនិរន្តរភាព៕



អត្ថបទ៖ត្រយង