ឃ្មុំត្បូងឃ្មុំ÷ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ អមដំណើរដោយ អភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីពាក់ព័ន្ធ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខពលរដ្ឋ និងពិនិត្យមើលស្ថានភាពទីទួលសុវត្ថិភាពពលរដ្ឋ នៅឃុំជីរោទិ៍ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ 

ការអញ្ជើញចុះសួរសុខទុក្ខពលរដ្ឋនេះ ក្នុងគោលបំណងពិនិត្យមើលស្ថានភាពជាក់ស្តែងក្នុងតំបន់ដែលប្រឈមទៅដោយទឹកជំនន់ ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលជាមួយនិងពលរដ្ឋផងដែរដែលកំបង់តែជយបទុក្ឃលំបាក។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់ដែលរស់នៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់ ឱ្យតាមដានស្ថានភាពទឹក និងធ្វើការរៀបចំខ្លួនឱ្យបានរួចជាស្រេចក្នុងពេលគ្រោះអាសន្ន ដើម្បីជម្លៀលមកកាន់ទីទួលសុវត្ថិភាព មួយវិញទៀតបងប្អូនពលរដ្ឋដែលរស់នៅលើទីទួល សុវត្ថិភាពទាំង២ទីតាំងក្នុងខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់ រក្សាអនាម័យ សុខភាព បរិស្ថាន ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗផងដែរ។ 

គួរបញ្ជាក់បន្ថែមថា៖ តាមរបាយការណ៍មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ កម្ពស់ទឹកទន្លេមេគង្គ ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ ទឹកមានកម្ពស់ ១៤,២៦ ម៉ែត្រ ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកឡើង ០,១៦ ម៉ែត្រ ធៀបឆ្នាំមុនខ្ពស់ជាង ០,៩៤ម៉ែត្រ ។ សម្រាប់កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ៕

អត្ថបទ៖អាចារ្យលាក់

Share.