សភាថៃ ក្ដៅមិនចាញ់កំដៅភ្នំភ្លើងប៉ុន្មាននោះឡើយ ព្រោះគ្រាន់តែបើកការជជែកដេញដោលគោលនយោបាយរដ្ឋាភិបាលរបស់លោក អនុទិន ឆាន់វីរគុល ដែលជានាយករដ្ឋមន្ត្រីទី៣២របស់ថៃ ភ្លាម លោក ណាត់ថាពង្ស រឿងប៉ាន់យ៉ាវុធ ដែលជាតំណាងរាស្ត្រ និងជាប្រធានគណបក្សប្រជាជនថៃ (PP) ក្នុងតួនាទីជា ប្រធានគណបក្សប្រឆាំង បានបើកការជជែកដេញដោលនៅថ្ងៃច័ន្ទ (ទី ២៩ ខែកញ្ញា ឆ្នាំ២០២៥) នេះយ៉ាងក្ដៅគគុកភ្លាមៗដែរ ដោយមិនទុកឱ្យលោក អនុទិន អាចដកដង្ហើមស្រួលនោះឡើយ បន្ទាប់ពីលោក អនុទិន ឆាញវីរកូល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងសេចក្តីប្រកាសគោលនយោបាយរបស់ខ្លួនទៅកាន់សភារួច។

លោក ណាត់ថាពង្ស បានលើកឡើងថា រយៈពេលបួនខែដំបូងនៃរដ្ឋាភិបាលថ្មីក៏ជាចំណុចសំខាន់បំផុតសម្រាប់គណបក្សប្រឆាំងផងដែរ ដែលមានបំណងជំរុញបន្តនូវអ្វីដែលលោកបានហៅថាជា បេសកកម្មជាតិ គឺ ការព្រាងរដ្ឋធម្មនុញ្ញថ្មី។
មេបក្សប្រឆាំង បានថ្លែងថា៖ «គ្មានជនជាតិថៃជំនាន់ណាដែលធ្លាប់រស់នៅក្រោមលទ្ធិប្រជាធិបតេយ្យពេញលេញ និងមានស្ថិរភាពនោះទេ។ គ្រប់សម័យកាលសុទ្ធតែមានស្នាមរបួសដោយសាររដ្ឋប្រហារដដែលៗ។ វាដល់ពេលដែលត្រូវបញ្ចប់វដ្តដ៏អាក្រក់នេះ ហើយបង្កើតធម្មនុញ្ញមួយដែលពិតជាឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនហើយ»។

លោកបានរំលឹកថា ជនជាតិថៃដែលកើតក្នុងទសវត្សរ៍ឆ្នាំ១៩៥០ បានឃើញប្រទេសរីកចម្រើនផ្នែកសេដ្ឋកិច្ច ខណៈពេលដែលត្រូវទ្រាំទ្រនឹងរដ្ឋប្រហារចំនួន ៦ ដង រីឯជំនាន់របស់លោកផ្ទាល់បានឆ្លងកាត់ការដណ្តើមអំណាចដោយយោធាក្នុងឆ្នាំ ១៩៩១ ឆ្នាំ ២០០៦ និងឆ្នាំ ២០១៤។
លោកបានកត់សម្គាល់ទៀតថា៖ «ទោះបីជាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះក៏ដោយ ប្រទេសថៃមាននាយករដ្ឋមន្ត្រីដល់ទៅ ៣ រូបទៅហើយ។ ការពិតនោះ មានតែមួយមុខប៉ុណ្ណោះ ដែលបង្ហាញឱ្យឃើញថា រចនាសម្ព័ន្ធនយោបាយរបស់យើងមានភាពទន់ខ្សោយ និង គ្មានស្ថិរភាពកម្រិតណានោះទេ»។

ការលើកឡើងរបស់ មេបក្សប្រជាជនថៃ នេះហាក់ដូចជាកំពុងតែវាយបក និងដាល់ លោកអនុទិន មួយដៃកណ្ដាលមុខ ដែលលោកបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយសំឡេងលើកដៃគាំទ្រពីបក្ស ដែលប្រជាជនថៃបានបោះឆ្នោតជ្រើសរើស តែ នាយករដ្ឋមន្ត្រី ដែលមានតែឈ្មោះ រូបនេះ បែរជាមិនហ៊ានសម្រេចចិត្តលើកិច្ចការងារណាមួយដោយខ្លួនឯងនោះឡើយ ជាពិសេសគឺករណីជម្លោះព្រំដែនជាមួយនឹងប្រទេសកម្ពុជា ដោយបានបើកដៃឱ្យក្រុមយោធា ដែលស្និទ្ធនឹងរាជវាំង ជាអ្នកចេញបញ្ជា និងធ្វើអ្វីស្រេចតែចិត្ត ទាំងដែលដឹងយ៉ាងច្បាស់ថា ក្រុមយោធា បានប្រើផែនទី ដែលគូដោយឯកតោភាគី និងមិនមានការទទួលស្គាល់ជាអន្តរជាតិក្ដី ប៉ុន្តែលោកនៅតែជ្រើសរើសធ្មិចភ្នែក គាំទ្រកងទ័ពទាំងងងឹតងងុល ដើម្បីរក្សាតំណែងរបស់ខ្លួនតែប៉ុណ្ណោះ៕
