ស្វាយរៀង÷ កម្លាំងនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឃាត់ខ្លួនក្មេងទំនើងចំនួន ៥នាក់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ខណៈពួកគេកំពុងបើកម៉ូតូរោទ៍បំពង់ស៊ីម៉ាំងឮខ្លាំងៗ បង្កការរំខានដល់ប្រជាពលរដ្ឋ។


ការឃាត់ខ្លួននេះ ខណ:សមត្ថកិច្ចកំពុងចុះល្បាត ហើយប្រទះឃើញក្រុមក្មេងទំនើងខាងលើនៅតាមផ្លូវ ទើបកម្លាំងបានដេញតាមរហូតឃាត់ខ្លួន និងដកហូតម៉ូតូចំនួន ២គ្រឿង។ ក្រោយឃាត់ខ្លួនសាកសួរ ក្មេងទាំង ៥នាក់បានទទួលសារភាពថា ពិតជាបានបើកម៉ូតូរោទ៍បំពង់ស៊ីម៉ាំង និងបង្ហោះក្នុងតំបន់មូលដ្ឋាន។




ក្រោយពិភាក្សាជាមួយព្រះរាជអាជ្ញា សមត្ថកិច្ចបានអនុវត្តវិធានការ ដោយឲ្យក្មេងទាំងនេះធ្វើកិច្ចសន្យាបញ្ឃប់សកម្មភាពនេះបន្តទៀត និងអញ្ជើញអាណាព្យាបាលមកធានា ដើម្បីយកទៅអប់រំបន្ត។ ចំណែកម៉ូតូ ត្រូវបានរក្សាទុកនៅអធិការដ្ឋានរយៈពេល ៣ខែ៕


អត្ថបទ÷ចតុម្មុខ