ពោធិ៍សាត់÷ ជំហានដំបូងនៃគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវទំនើបនៅលើបណ្ដោយផ្លូវជាតិលេខ 5 ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំងទៅទល់ខេត្តបាត់ដំបងចាប់ផ្ដើមដំណើរការហើយនៅព្រឹកថ្ងៃទី 30 ខែកញ្ញាឆ្នាំ 2025 ដឹកនាំផ្ទាល់ដោយឯកឧត្តម ខូយរីដាអភិបាលខេត្តពោធិ៍សាត់ ដែលគម្រោងនេះគ្រោងនឹងបញ្ចប់ក្នុងអំឡុងឆ្នាំ 2008ខាងមុខនេះ។

បើតាមឯកឧត្តមអភិបាលខេត្ត គម្រោងនេះអនុវត្តជាជំហ៊ានបន្តបន្ទាប់ ដោយដំណាក់កាលដំបូង គឺចាប់អនុវត្តពីចំណុចខាងកើតរង្វង់មូលផ្ទិល ឬរូបសំណាក់លោកឧកញ៉ាឃ្លាំងមឿងជិះសេះ ទៅទល់គ្នាទីរួមស្រុកក្រគរ និងបន្តដល់ព្រំប្រទល់ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។ ជាជំហានបន្តបន្ទាប់ទៀតនឹងត្រូវចាប់ផ្ដើមបំពាក់នៅប៉ែកខាងលិចក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ដូចគ្នាទៅទល់ទីរួមស្រុកបាកានរហូតដល់ព្រំប្រទល់ស្រុកមោងឬស្សីខេត្តបាត់ដំបងបញ្ចប់គម្រោងតែម្ដង។


តាមការបញ្ជាក់ពីឯកឧត្តម ខូយរីដា អភិបាលខេត្តពោធិ៍សាត់ គម្រោងនេះគ្រោងអនុវត្តឲ្យរួចរាល់ក្នុងអំឡុងឆ្នាំ 2028ឬអាចមុនបំណាច់ឆ្នាំ 2027ទៅតាមស្ថានភាពជាក់ស្ដែង។ ដែលភ្លើងបំភ្លឺផ្លូវនេះគឺប្រើដោយថាមពលពន្លឺព្រះអាទិត្យ ប្រភេទសូឡា LED ភ្ជាប់ដើមដែកដែលមានគុណភាព បំពាក់លម្អដោយឡូហ្គោរដ្ឋបាលខេត្តពោធិ៍សាត់ ជាមួយនឹងសារអរគុណសន្តិភាព។

ឯកឧត្តមអភិបាលខេត្តយល់ឃើញថានៅពេលគម្រោងបញ្ចប់ជាស្ថាពរគឺមិនត្រឹមតែជួយបង្កើនសោភ័ណភាពតាមដងផ្លូវប៉ុណ្ណោះទេប៉ុន្តែនឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកំរិតផងដែរ។ដែលសមិទ្ធផលទាំងអស់នេះកើតឡើងគឺបានមកពីការរូបរួមគ្នាដែលឯកឧត្តមអភិបាលខេត្តមានមោទនភាពសម្ដែងការអរគុណយ៉ាងខ្លាំងដល់សប្បុរសជនទាំងអស់ដែលជានិច្ចកាលតែងតែឧបត្ថម្ភគាំទ្រទាំងសម្ភារៈថវិការជួយរួមចំណែកជំរុញឱ្យខេត្តពោធិ៍សាត់កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនឡើង៕

អត្ថបទ÷ពោធិ៍សាត់

Share.