ពោធិ៍សាត់÷ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានបន្តនាំយកជំនួយជាគ្រឿងឧបភោគបរិភោគ និងថវិកា ទៅចែកជូនដល់គ្រួសារវីរៈកងទ័ពជួរមុខ ចំនួន៨០ គ្រួសារ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ ១៤ ស្រុកក្រគរ។

ការនាំយកស្បៀងអាហារ របស់លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់នេះ ក្នុងគោលបំណងជួយសម្រួលជីវភាពប្រចាំថ្ងៃ និងជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន ចំពោះគ្រួសារវីរៈកងទ័ព ដែលកំពុងបំពេញបេសកកម្មការពារដែនអធិបតេយ្យភាពជាតិ។

ជំនួសមុខឲ្យឯកឧត្តមអភិបាលខេត្ត លោក ហេង សុភាណា បានណែនាំឲ្យបងប្អូនគ្រួសារវីរៈកងទ័ពទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ ធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ ដោយរស់នៅស្អាត ហូបស្អាត អនាម័យខ្លួនប្រាណ សំអាតលំនៅឋាន ជាដើម។ ជាពិសេសត្រូវជឿជាក់លើថ្នាក់ដឹកនាំរបស់យើង ដែលតែងតែគិតគូរយកចិត្តទុកដាក់គ្រប់ពេលជាមួយនឹងសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសគ្រួសារវីរៈកងទ័ពជួរមុខដែលបាននឹងកំពុងបំពេញបេសកកម្មឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យភាពរបស់ជាតិ ដោយលោកបានណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមពីដានពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើងគ្រប់កាល:ទេស។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានគ្រួសារវីរៈកងទ័ពសរុបចំនួន ២៧៣ គ្រួសារហើយ នៅក្នុងកងពលតូចអន្តរាគមន៍លេខ ១៤ ដែលទទួលបានជំនួយពីរដ្ឋបាលខេត្ត ពោធិ៍សាត់។ ហើយជំនួយទាំងនេះកើតចេញពីការចូលរួមរបស់ប្រជាពលរដ្ឋ និងសប្បុរសធម៌ក្នុងខេត្ត៕

អត្ថបទ÷ពោធិ៍សាត់

Share.