កំពង់ចាម÷ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ប្រចាំខែ នៅសាលាខេត្ត កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។




ក្នុងកិច្ចប្រជុំ ឯកឧត្តមបានសរសើរចំពោះការងាររបស់អាជ្ញាធរ និងកម្លាំងសន្តិសុខ ដែលបានអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ទទួលបានជោគជ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងមក។


ទន្ទឹមនឹងការកោតសរសើរ អភិបាលខេត្តក៏បានលើកឡើងពីបញ្ហាអាជីវករ មួយចំនួននៅតាមរមណីយដ្ឋាន ជាពិសេសនៅទឹកឆា គឺមានអាជីវករ តាមតូបលក់ដូរមួយចំនួនតូច នៅតែដំឡើងថ្លៃទំនិញ និងម្ហូបអាហារ នៅថ្ងៃមានពិធីបុណ្យជាតិ បើទោះបីមានការណែនាំជាច្រើនលើកច្រើនសារក៏ដោយ។ ឯកឧត្តមបានព្រមានធ្ងន់ៗថា ប្រសិនបើនៅតែបន្តប្រព្រឹត្ត នឹងត្រូវចាត់វិធានការបណ្ដេញចេញពីការប្រកបអាជីវកម្មក្នុងតំបន់ទេសចរណ៍។



អភិបាលកំពង់ចាមបានណែនាំឲ្យមន្ទីរទេសចរណ៍ សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថាតម្លៃទំនិញ និងអាហារ នៅតាមរមណីយដ្ឋាន មានសមរម្យ និងមិនប៉ះពាល់ដល់កិត្តិយសខេត្ត។
អត្ថបទ÷ អាចារ្យលាក់
