រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នេះ, ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ (អ.ព.) នៅសាលប្រជុំ ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីសកម្មភាពថ្នាក់ដឹកនាំ, ស្ថានភាពជនជាប់ឃុំ, ការអនុវត្តនីតិវិធី, កិច្ចការសន្តិសុខពន្ធនាគារ, ការអប់រំកែប្រែនិងស្តារនីតិសម្បទា, ការបណ្តុះបណ្តាលវិជ្ជាជីវៈ, ការងារសុខភាព, សំណង់ពន្ធនាគារ និងកិច្ចការរដ្ឋបាល។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជំរុញបន្តដល់បណ្តានាយកដ្ឋាន មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ឲ្យអនុវត្តការងារដែលនៅសេសសល់ និងការងារថ្មីៗ ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ។

ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តម ឆែម សាវុធ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានផ្តល់ អនុសាសន៍សំខាន់ៗ ដូចជា៖

  • បន្តពង្រឹងការងារសន្តិសុខ នៅក្នុងពន្ធនាគារ ដោយយកចិត្តទុកដាក់ជាពិសេសលើការ ទប់ស្កាត់រាល់ការនាំចូលនូវវត្ថុហាមឃាត់ ដូចជា ទូរស័ព្ទដៃ និងគ្រឿងញៀន ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
  • ជំរុញកិច្ចការងារបែងចែកចំណាត់ថ្នាក់សន្តិសុខជនជាប់ឃុំ ស្របតាមបែបបទ នីតិវិធី ព្រមទាំងពិនិត្យមើលលើចំណាត់ការបែងចែកវេនប្រចាំការនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។
  • បន្តដោះស្រាយបញ្ហាប្រឈម សំខាន់ៗ រួមមាន ភាពចង្អៀតណែន ក្របខណ្ឌ, ការបណ្តុះបណ្តាលជំនាញមន្ត្រី, និង ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ដើម្បីសម្រាលភាពចង្អៀតណែន និងបម្រើដល់ការងារសន្តិសុខ។
  • បន្តពិនិត្យមើល និងពន្លឿនការងាររៀបចំលិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីបម្រើឱ្យការងារគ្រប់គ្រងពន្ធនាគារ។

ការណែនាំរបស់ឯកឧត្តម ឆែម សាវុធ គឺសំដៅលើកកម្ពស់ប្រសិទ្ធភាពការងារសន្តិសុខ ការគ្រប់គ្រង និងការអប់រំកែប្រែនៅក្នុងស្ថាប័នពន្ធនាគារឲ្យកាន់តែមានគុណភាព៕

ប្រភព៖ក្រសួងមហាផ្ទៃ

Share.