រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិនិត្យ និងកែលម្អលើរបាយការណ៍ស្ដីពី សមិទ្ធផលអប់រំ ១០ឆ្នាំ នៃការរៀន និងបង្រៀនគណិតវិទ្យានៅបឋមសិក្សា។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្ដីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ដៃគូអភិវឌ្ឍន៍ និងមន្ត្រីជំនាញពាក់ព័ន្ធ។
គោលដៅច្បាស់លាស់៖ ពង្រឹងគ្រូបង្រៀនថ្មីឱ្យមានសមត្ថភាពវិជ្ជាជីវៈខ្ពស់
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ជាចម្បងនៃការរៀបចំឯកសាររបាយការណ៍នេះឱ្យមានខ្លឹមសារគ្រប់គ្រាន់ ដើម្បីធ្វើជាឯកសារមូលដ្ឋានក្នុងការបណ្ដុះបណ្ដាលគ្រូឧទ្ទេស និងគ្រូបង្រៀនថ្មីៗ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖«ត្រូវបញ្ចូលវិធីសាស្ត្របង្រៀនល្អៗទៅក្នុងកម្មវិធីសិក្សានៅសាលាគរុកោសល្យ ដើម្បីធានាឱ្យបានថាគ្រូបង្រៀនថ្មីទាំងអស់ មានសមត្ថភាពក្នុងការបង្រៀនគណិតវិទ្យាដំបូងប្រកបដោយវិជ្ជាជីវៈ»។
កិច្ចពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗជាយុទ្ធសាស្ត្រ រួមមាន៖ គោលការណ៍បង្រៀន ការរៀបចំសម្ភារៈឧបទេស វិធីសាស្រ្តបង្រៀនថ្នាក់ដំបូង គណនា ការបង្រៀនចំណោទ និងការប្រើប្រាស់ ចម្រៀងគណិតវិទ្យា និងវីដេអូជំនួយការបង្រៀន។ ក្រុមការងារ និងដៃគូអភិវឌ្ឍន៍ ក៏បានសហការគ្នារៀបចំសៀវភៅណែនាំ សៀវភៅលំហាត់ និងសៀវភៅជំនួយជាច្រើនរួចមកហើយ។

អនុសាសន៍សំខាន់ៗទាំង ៥ ដើម្បីលើកកម្ពស់ការអនុវត្ត
បន្ទាប់ពីស្ដាប់របាយការណ៍យ៉ាងលម្អិត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ចំនួន ៥ ចំណុច ដើម្បីជំរុញការអភិវឌ្ឍវិស័យគណិតវិទ្យាដំបូង៖
- រៀបចំសិក្ខាសាលាវាយតម្លៃវិធីសាស្ត្របង្រៀន និងលើកកម្ពស់ការស្រាវជ្រាវជាក់ស្ដែង ព្រមទាំងជំរុញគ្រូឱ្យបង្កើតសម្ភារៈជំនួយផ្ទាល់ខ្លួន។
- រៀបចំជាបទបង្ហាញចែករំលែកបទពិសោធបង្រៀនល្អៗ ផ្សព្វផ្សាយទស្សនទានការបង្រៀនគណិតវិទ្យាដំបូង និងអំណានដំបូង ព្រមទាំងផលិតជាវីដេអូ។
- ផលិតវីដេអូគំរូជាច្រើនប្រភេទ ដូចជាវីដេអូបង្រៀនពីចម្ងាយ និងវីដេអូគំរូនៃការប្រើប្រាស់សម្ភារៈឧបទេស។
- ចងក្រងវិធីសាស្ត្របង្រៀនដែលមានប្រសិទ្ធភាពរបស់គ្រូជើងចាស់ ធ្វើជាសៀវភៅសម្រាប់គ្រូបង្រៀនថ្មីៗយកទៅអនុវត្ត។
- ចុះពិនិត្យ និងវាយតម្លៃផ្ទាល់តាមសាលាគោលដៅ មុនពេលបើកបវេសនកាល ដើម្បីឃើញច្បាស់ពីស្ថានភាព និងរៀបចំផែនការសកម្មភាពឱ្យមានប្រសិទ្ធភាពឆ្លើយតបគោលដៅ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍន៍ទាំងអស់សម្រាប់ការចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលគ្រូ និងការរៀបចំឯកសារពាក់ព័ន្ធ។ ឯកឧត្តមបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួងក្នុងការដាក់បញ្ចូលវិធីសាស្ត្របង្រៀនថ្មីៗទៅក្នុងការបណ្តុះបណ្តាលនៅគរុកោសល្យ ដើម្បីជំរុញស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែល្អប្រសើរឡើងទូទាំងប្រទេស៕
អត្ថបទ៖ត្រយង