សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន ១,០១៩គ្រួសារ រស់នៅក្នុងភូមិចំនួន២២ ឃុំចំនួន៩ នៃស្រុកសេសាន និងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ នេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម សរ សុពុត្រា អភិបាលនៃអណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង អញ្ជើញចូលរួមផងដែរ។
ពិធីជួបសំណេះសំណាលនិងចែកអំណោយខាងលើនេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន២ គឺ៖ ពេលព្រឹកនៅទីតាំងទី១ ក្នុងមណ្ឌលសុខភាពតាឡាត សម្រាប់ប្រជាជន ៦៩៤គ្រួសារ មកពីភូមិចំនួន៥ នៃឃុំក្បាលរមាស និងឃុំតាឡាត ស្រុកសេសាន ចំណែកឯពេលរសៀល ទីតាំងទី២នៅក្បែរប្រាសាទព្រះគោ ស្ថិតក្នុងភូមិថាឡាបរីវ៉ាត់ ឃុំថាឡាបរីវ៉ាត់ សម្រាប់ប្រជាជន ៣២៥គ្រួសារ មកពីភូមិចំនួន១៧ នៃឃុំចំនួន៧ ស្រុកថាឡាបរីវ៉ាត់។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា បាននាំនូវព្រះបណ្ដាំរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយប្រជាជនទាំងអស់ រួមជាមួយការសោកស្តាយចំពោះគ្រោះធម្មជាតិជំនន់ទឹកភ្លៀងដែលបានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាបងប្អូនជនជាតិដើមភាគតិចដែលរស់នៅទីនេះ។

ទន្ទឹមនឹងការគិតគូរពីជីវភាព តាមរយៈឯកឧត្តម យូ ឡាណា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាជនទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការស់នៅ និងការហូបចុក ដោយត្រូវមានអានាម័យជាប់ជានិច្ច ពិសាទឹកដាំពុះ និងត្រូវស្រលាញ់ខ្លួនឱ្យស្ងួនចំណី ដើម្បីជៀសផុតពីជំងឺមិនឆ្លងសំខាន់ចំនួន៤ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ដែលបាននិងកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារីជាដើម។

ជាមួយគ្នានេះ សូមប្រជាជនទាំងអស់ត្រូវចេះការពារខ្លួនពីជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ដែលបង្កឡើងដោយសត្វមូស ហេតុដូចនេះ សូមកុំឱ្យមានទឹកដក់ក្នុងសំបកកង់ឡានកង់ម៉ូតូ សំបកដូង សំបកកំប៉ុងជាដើម ដែលជាជម្រកសត្វមូស ជាពិសេសត្រូវនាំគ្នាគេងក្នុងមុងជាប្រចាំ ព្រោះមុងមានក្នុងកញ្ចប់ឃីតនៃអំណោយមនុស្សធម៌ដែលចែកជូនស្រាប់។ បន្ថែមពីនេះក៏សូមប្រុងប្រយ័ត្នចំពោះកុមារតូចៗដែលប្រឈមនឹងគ្រោះថ្នាក់ដោយការលង់ទឹកជាយថាហេតុ ដែលនាំឱ្យមានវិប្បដិសារីក្នុងគ្រួសារ។
ម្យ៉ាងវិញទៀត បញ្ហាបរិស្ថាននិងសុវត្ថិភាព ក៏ជាការចាំបាច់ដែរ ដូច្នេះពេលវិលត្រឡប់ទៅលំនៅដ្ឋានវិញ មុនចូលផ្ទះត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីបង្កាពីសត្វអាសិរពិសផ្សេងៗ និងសូមសម្អាតបរិស្ថានជុំវិញផ្ទះ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយកុំដុតសំរាមដែលជាប្លាស្ទិក ព្រោះថាផ្សែងរបស់វា អាចបណ្ដាលឱ្យប៉ះពាល់ទៅដល់សុខភាពយើង។


ដោយឡែក ចំពោះស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការណាត់របស់ក្រុមគ្រូពេទ្យគឺយ៉ាងតិចណាស់ឱ្យបាន៤ដងមុនពេលសម្រាល ហើយពេលសម្រាលត្រូវទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលមានគ្រូពេទ្យមានវិជ្ជាជីវ:ត្រឹមត្រូវ ដើម្បីសុខភាពល្អ និងសុវត្ថិភាពទាំងម្តាយនិងកូនក្នុងផ្ទៃ ជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ និងការចម្លងជំងឺពីម្តាយទៅកូន ជាពិសេសគឺជំងឺអេដស៍។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម សរ សុពុត្រា បានថ្លែងពីការយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសូមជូនពរបងប្អូនប្រជាពលរដ្ឋ ឆាប់បានវិលត្រឡប់ទៅលំនៅដ្ឋាន ដើម្បីបន្តប្រកបមុខរបរស្តារជីវភាពគ្រួសារឡើងវិញ។




ដោយឡែក ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ ដែលបានគិតគូរជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ប្រជាជនរងគ្រោះទាំងអស់បានទទួលអំណោយក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ ដោយឡែក កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថ្នាំពេទ្យប្រភេទបញ្ចុះកម្តៅ និងបំបាត់ការឈឺចាប់ ចំនួន ២កេស ជូនដល់មណ្ឌលសុខភាពតាឡាត ផងដែរ។ សូមជម្រាបជូនថា នៅថ្ងៃស្អែកនេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ពីទីស្នាក់ការកណ្តាល និងសាខាខេត្តស្ទឹងត្រែង នឹងបន្តចុះចែកអំណោយជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន ៤៨១គ្រួសារបន្ថែមទៀត ដែលរស់នៅក្នុងភូមិចំនួន១០ នៃឃុំកំភុន ឃុំភ្លុក និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង៕
អត្ថបទ៖ កាកបាទក្រហមកម្ពុជា
