លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ នៃស្នងការដ្ឋានខេត្តរតនគិរី បានឱ្យដឹងថា កងកម្លាំងនគរបាលនៃស្នងការដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានចុះជួយច្រូតស្រូវភរិយាវីរកងទ័ពជួរមុខ ដែលកំពុងមានផ្ទៃពោះជិតគ្រប់ខែរហូតរួចរាល់ និងដឹកជញ្ជូនស្រូវនោះឱ្យបានដល់ផ្ទះ ក្នុងភូមិ សេរីមង្គល ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។

សូមចុចអាន៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សម្ដែងការសោកស្ដាយចំពោះសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ធំ

ថ្លែងមកកាន់ផ្នែកព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកស្នងការក៏បានប្រកាសត្រៀមចូលរួមសម្រាលបន្ទុកគ្រួសារទ័ពផ្សេងទៀតអស់ពីលទ្ធភាព។ លោកស្នងការ អះអាងថាការរួមចំណែករបស់នគរបាលជាតិ ទូទៅ រួមទាំងក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី គឺជាការអនុវត្តឆ្លើយតបតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរជាតិ ដែលតែងរំលឹកឱ្យយកចិតទុកដាក់ជានិច្ចចំពោះប្រជាពលរដ្ឋ និងជំរុញឱ្យមន្ត្រីមានសមត្ថកិច្ចចូលរួមឱ្យបានសកម្មបំផុតក្រៅពីការងារស្នូល។

ក្នុងនាមស្នងការ នៃស្នងការដ្ឋានខេត្តរតនគិរី លោកបានអំពាវនាវគ្រួសារវីរកងទ័ពទាំងអស់ដែលរស់នៅក្នុងខេត្តរតនគិរី ប្រសិនបើត្រូវការកិច្ចអន្តរាគមន៍ ឬជំនួយណាមួយពីស្នងការ សូមផ្តល់ព័ត៌មាន ទៅកាន់លោក តាមរយៈអាជ្ញាធរមូលដ្ឋាន ឬក៏មធ្យោបាយណាមួយដែលងាយស្រួលបំផុត លោកនឹងខិតខំជួយឱ្យអស់ពីលទ្ធភាព។ លោកស្នងបានមានប្រសាសន៍បន្ថែមថា ការជួយនេះ គឺជួយដោយបេះដូងដើម្បីភាពរីកចម្រើនដោយមិនប្រកាន់ថា ជានគរបាល ឬជាវីរកងទ័ពឡើយ។

គួររំលឹកថា កាលពីអំឡុងពេលប៉ុន្មានថ្ងៃមុននេះ លោក អូម ខាន់តី ដែលជាវីរកងទ័ពជួរមុខ បានបង្ហោះសារនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន ដោយស្នើសុំ ដល់អាជ្ញាធរភូមិ ឃុំ នៃស្រុកកូនមុំ ខេត្តរតនគិរី និងបងប្អូនប្រជាពលរដ្ឋមេត្តាជួយច្រូតស្រូវ ដោយខ្លួនគ្មានលទ្ធភាព ម្យ៉ាងទៀតប្រពន្ធក៏ពោះធំជិតគ្រប់ខែ ចំណែកថវិការសម្រាប់សម្រាលកូនក៏មិនទាន់មាននៅឡើយទេ។ តាមរយៈសារមួយនេះ ធ្វើឱ្យសារធារណជន ផ្ទុះការចាប់អារម្មណ៍ខ្លាំង រហូតលោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចាត់បញ្ជាកងកម្លាំងចុះអន្តរាគមន៍ ជួយដល់គ្រួសារវីរកងទ័ពភ្លាមៗ។

សូមបញ្ជាក់ថា សកម្មភាពកងកម្លាំងក្រោមការដឹកនាំរបស់លោកស្នងការ ដែលមានការចូលរួមពី អាជ្ញាធរមន្ត្រី មន្ទីរជំនាញចុះជួយនេះ បានទទួលការអបអរសាទរ លើកទឹកចិត្ត រំភើបពីសាធារណជន ដែលបង្ហាញឱ្យឃើញអំពីស្មារតី នៃការចូលរួមប្រកៀកស្មាជាមួយកងកម្លាំងរបស់ជាតិ ជាពិសេសរវាងកងយោធពលខេមរភូមិន្ទ ជាមួយកម្លាំងនគរបាល ទាំងនៅតំបន់ជួរមុខ និងសមរភូមិក្រោយ៕

ដោយ សេង បូលីន

Share.