ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ជាតិ បានដំណើរការឈានដល់ឆ្នាំទី១៩ហើយ ខណ: មានក្រុមជាច្រើនដែលធ្លាប់បានឈ្នះតំណែងជើងឯកពានមួយនេះ។ ដោយឡែក បើនិយាយពីគ្រូបង្គោលបរទេសវិញមានចំនួន ៦ រូបដែលធ្លាប់ដឹកនាំកូនក្រុមលើកពានរង្វាន់ដ៏ធំមួយនេះ។
ដូច្នេះថ្ងៃនេះ សារព័ត៌មានត្រយង សូមរំឭកជូនអ្នកគាំទ្រដូចតទៅ៖
១. លោក Apisit Im Amphai

គ្រូបង្វឹកជនជាតិថៃរូបនេះធ្លាប់បង្ហាត់នៅភ្នំពេញក្រោនពីចន្លោះឆ្នាំ២០០៨ ដល់២០១០ និងនាំក្រុមឈ្នះតំណែងជើងឯកពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន ២លើកជាប់គ្នា ពោលគឺក្នុងឆ្នាំ២០០៨ និង២០០៩។ កាលឆ្នាំ២០០៨ អតីតក្រុមរបស់លោកមួយនេះមានឈ្មោះថា ភ្នំពេញអុីមផាយអឺរ មុនប្ដូរទៅជាភ្នំពេញក្រោនក្នុងឆ្នាំ២០០៩។
២. លោក DE CARNYS GREGOIRE MATTHEW SINCLAIR

គ្រូបង្វឹកជនជាតិអង់គ្លេសរូបនេះ ដឹកនាំក្លិបបាល់ទាត់ខេត្តព្រៃវែងឈ្នះ ក្រុមត្បូងឃ្មុំ ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ (ថ្នាក់ខេត្ត) មុននឹងក្លាយជាគ្រូជំនួយក្រុមធំ និងជាប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍយុវជនថ្នាលវិសាខាវិញ នៅដើមខែមិថុនា ឆ្នាំ២០២១។
៣. លោក Colum Curtis

គ្រូបង្វឹកជនជាតិអៀរឡង់ខាងលើបាននាំវិសាខាទៅកាន់តំណែងជើងឯកពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ និងជាការឈ្នះលើកដំបូងរបស់ពួកគេផងដែរ។
៤. លោក Tunji Akeep Ayoyinka

បុរសជាតិនីហ្សេរីយ៉ាត្រូវបានវិសាខាតែងតាំងជាគ្រូបង្គោលបណ្ដោះអាសន្ន បន្ទាប់ពីការចាកចេញរបស់លោក Colum Curtis ចុងរដូវកាល២០២១។ នៅឆ្នាំដដែលនោះ វិសាខាបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សារជាថ្មី ក្រោមការដឹកនាំពីលោក Tunji និងបានយកឈ្នះព្រះខ័នរាជស្វាយរៀងដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ឈានទៅយកជើងឯកជាលើកទី ២ជាប់គ្នា។
៥. លោក Pep Muñoz

លោកកំពុងតែរក្សាបាននូវប្រជាប្រិយភាពបានយ៉ាងនៅក្នុងវស័យបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់លោក Pep Muñoz គ្រូបង្វឹកជនជាតិអេស្ប៉ាញ ដោយជួយឱ្យព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពានរង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ ជាលើកទី៥ នៅរដូវកាល ឆ្នាំ២០២៣-២៤ ក្រោយយកឈ្នះ ភ្នំពេញក្រោន ក្នុងលទ្ធផល ១ទល់និង០ នៅក្នុងពហុកីឡដ្ឋានជាតិ។
៦. លោក Oleg Starynskyi

បុរសជនជាតិ អ៊ុយក្រែន ដែលកំពុងមានវត្តមានបន្តដឹកនាំ ក្លិបបាល់ទាត់ភ្នំពេញក្រោន នៅរដូវកាលនេះ ក៏ជាគ្រូបង្វឹកមួយរូបដែលជួយឱ្យ ភ្នំពេញក្រោន ដណ្ដើមបានជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៤/២០២៥ លើកទី១៨ បន្ទាប់ពីបានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២ទល់នឹង១ ក្នុងការប្រកួតដ៏តានតឹងនៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥៕

