តាមការប្រកាសចុងក្រោយរបស់លោក វ្ល៉ាឌីមៀ ពូទីន អំពីបំណងចង់ប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក ដើម្បីថ្នូរបង់ថ្លៃចូលរួមក្នុងស្ថាប័នក្រុមប្រឹក្សាសន្តិភាព របស់លោក ដូណាល់ ត្រាំ នោះមិនមែនគ្រាន់តែជាការឆ្លើយតបផ្នែកហិរញ្ញវត្ថុធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាល្បែងអុកនយោបាយដ៏ស៊ីជម្រៅមួយដែលរុស្ស៊ីកំពុងប្រើដើម្បីសម្រេចគោលដៅធំពីរក្នុងពេលតែមួយ។

ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង ទ្រព្យសម្បត្តិបម្រុងរបស់រុស្ស៊ីប្រមាណ ៣០០ ពាន់លានដុល្លារ ត្រូវបានលោកខាងលិចបង្កក ដែលវាក្លាយជាដុំថ្មយ៉ាងធំសង្កត់លើសេដ្ឋកិច្ចវិមានក្រឹមឡាំង។ រុស្សីមានបំណងចង់បានកូនសោនេះមកវិញតាមរយៈការស្នើបង់ប្រាក់ ១ ពាន់លានដុល្លារ ចេញពីកញ្ចប់លុយដែលបង្កកនោះធ្វើជាអន្ទាក់ផ្នែកច្បាប់ និងនយោបាយទៅលើរដ្ឋបាលថ្មីរបស់លោក ត្រាំ។
សាកល្បងគិតបន្តិចទៅមើលថា ប្រសិនបើអាមេរិកយល់ព្រមយកលុយនោះ វានឹងក្លាយជាការទទួលស្គាល់ជាផ្លូវការថា រុស្ស៊ីនៅតែមានសិទ្ធិពេញលេញលើទ្រព្យសម្បត្តិទាំងនោះ។ ហើយប្រសិនបើលុយ ១ ពាន់លានអាចដកចេញបាន នោះលុយ ២៩៩ ពាន់លានទៀត ក៏នឹងត្រូវមានច្រកចេញដូចគ្នា។ តើនេះគឺជាយុទ្ធសាស្ត្របំបែកមេសោដែលច្រេះស៊ីដើម្បីយកទ្រព្យសម្បត្តិជាតិត្រឡប់មកវិញឬុយ៉ាងណា?
យ៉ាងណាមិញអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺការដែលលោក ពូទីន លើកឡើងថា លុយបង្កកទាំងនេះ ក៏គួរយកមកប្រើដើម្បី កសាងតំបន់ដែលរងការខូចខាតឡើងវិញនៅក្នុងភ្លើងសង្គ្រាមជាមួយអ៊ុយ។ សារនយោបាយដ៏ស្រួចស្រាវមួយនេះចង់បញ្ជាក់ថា បើរុស្សីក្លាយជាសមាជិកអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិភាពមែននោះ រុស្ស៊ីចង់ឱ្យអាមេរិកទទួលស្គាល់ថា ទឹកដីដែលខ្លួនកាន់កាប់បាន ដូចជាតំបន់ដុនបាស និងភាគខាងត្បូងអ៊ុយក្រែន គឺជាទឹកដីរុស្ស៊ីនាពេលអនាគត ទើបខ្លួនសុខចិត្តយកលុយទាំងនោះទៅអភិវឌ្ឍ។ ការដោះដូរនេះ លោក ពូទីន កំពុងផ្ញើសារថា បើលោក ត្រាំ ចង់បានសន្តិភាព អាមេរិកត្រូវតែហ៊ានធ្វើការសម្រេចចិត្តដ៏ចម្រូងចម្រាស ក្នុងការដោះលែងលុយរុស្ស៊ី ដើម្បីយកទៅជួសជុលទឹកដីដែលរុស្ស៊ីដណ្តើមបាន។
លោក ពូទីន ដឹងច្បាស់ថា លោក ដូណាល់ ត្រាំ មានគោលនយោបាយ America First និងចង់បញ្ចប់សង្គ្រាមឱ្យបានឆាប់ដើម្បីកាត់បន្ថយចំណាយ។ ការដែលរុស្ស៊ីបង្ហាញជំហរទន់ភ្លន់បែបការទូតក្នុងការសិក្សាអំពីការចូលរួមក្រុមប្រឹក្សាសន្តិភាព គឺជាការផ្តល់ផ្លូវឱ្យលោក ត្រាំ ទទួលបានជោគជ័យផ្នែកការទូត ប៉ុន្តែជាជោគជ័យដែលត្រូវដោះដូរដោយតម្លៃខ្ពស់ នោះបានន័យថា រុស្ស៊ីរួចផុតពីទណ្ឌកម្មហិរញ្ញវត្ថុ បានលុយមកវិញ ហើយខ្លាឃ្មុំទឹកកនៃវិមានក្រឹមឡាំងក៏នឹងរក្សាបានទឹកដីដែលដណ្តើមបានដែលជាព្រំដែនថ្មីដូចគ្នា។
ដូច្នោះហើយ សកម្មភាពរបស់វិមានក្រឹមឡាំងនៅពេលនេះ មិនមែនជាការចុះចាញ់ ឬការចង់ចំណាយលុយនោះទេ ប៉ុន្តែវាគឺជាការប្រើប្រាស់លុយដែលជាប់គាំង ធ្វើជាអាវុធដើម្បីចរចាយកការទទួលស្គាល់ព្រំដែនថ្មី។ ប្រសិនបើផែនការនេះជោគជ័យ វានឹងក្លាយជាជ័យជម្នះដ៏ធំធេងរបស់លោក ពូទីន ដែលអាចដោះស្រាយបានទាំងវិបត្តិសេដ្ឋកិច្ច និងសម្រេចបានមហិច្ឆតាទឹកដីក្នុងពេលតែមួយ៕

