ទង្វើ និងសកម្មភាពរបស់ថៃកិចកកុកថាមិនចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ត្រូវបានអន្តរជាតិអាចសង្កេត និងកត់ត្រាទុកជាភស្ដុតាងបានថា ភាគីថៃ គ្មានចេតនាចរចាដើម្បីរកសុខសន្តិភាពឱ្យប្រទេសទាំងពីរនោះឡើយ ព្រោះម្ដងជាពីរដងហើយ ថៃ តែងតែលើកហេតុផលនេះហេតុផលនោះ ដើម្បីយកជាលេសមិនចូលតុប្រជុំ និងអនុវត្តន៍ឱ្យបានពេញលេញទៅតាមកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា ថៃ។

យ៉ាងណាមិញមេបញ្ជាការកងទ័ពជើងគោកភូមិភាគទី១ បានបោះសម្ដីមិនចូលរួមប្រជុំ RBC ជាមួយកម្ពុជានិងបានជំរុញឱ្យកម្ពុជាពន្យារពេលកិច្ចប្រជុំ RBC ដែលគ្រោងធ្វើនៅថ្ងៃទី ១០-១២ ខែតុលា ក្រោមលេសដោះសាថាបើកម្ពុជាមិនជម្លៀសពលរដ្ឋខ្មែរចេញពីបានណងចាន់ និងបានណងយ៉ាកែវ ដែលបញ្ហានេះនឹងនាំឱ្យបញ្ជាការកងទ័ពភូមិភាគទី២ ក៏ត្រូវគ្មានកាលវិភាគចូលរួមកិច្ចប្រជុំដូចគ្នាផងដែរ។
ការបដិសេធរបស់ថៃកើតឡើងក្រោយពីកម្ពុជាបញ្ជូនលិខិតអញ្ជើញទៅយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹង នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ។
បើមើលលើការចេញផ្សាយរបស់សារព័ត៌មាន CH7 News បានរាយការណ៍នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នេះ ថា ភាគីថៃនៅសល់តែ ៤ថ្ងៃទៀតដល់កិច្ចប្រជុំ RBC ទៅហើយ ស្រាប់តែអះអាងឡើងយ៉ាងដាច់ណាត់ថា ភាគីយោធាថៃ នឹងមិនចូលរួមកិច្ចប្រជុំនោះវិញ ដរាបណាកម្ពុជាមិនដាក់បញ្ចូលផែនការជម្លៀសពលរដ្ឋកម្ពុជាចូលទៅក្នុងរបៀបវីរៈនៃកិច្ចប្រជុំដែលថៃអះអាងដោយឯកតោភាគីថាជាទឹកដីរបស់ខ្លួន បើស្របតាមសំណើរថៃ នោះទើបថៃព្រមចូលតុប្រជុំជាមួយនឹងកម្ពុជាវិញ។
យ៉ាងណាមិញ តាមថ្នាក់ដឹកនាំខាងលើយោធភូមិភាគទី៤នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់រួចហើយថា ភាគីកម្ពុជាបានបញ្ជូនលិខិតអញ្ជើញទៅយោធភូមិភាគទី២ថៃរួចរាល់ហើយ។ ចំណែកឯកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញតែប៉ុណ្ណោះ៕
