កំពង់ស្ពឺ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចគោប្រជាពលរដ្ឋ ដឹកចេញពីស្រុកជុំគិរី ខេត្តកំពត ឆ្លងចូលទឹកដីខេត្តកំពង់ស្ពឺ សមត្ថកិច្ចសង្ស័យ ស្ទាក់ឃាត់រថយន្ត ត្រួតពនិត្យ សាកសួរ ទើបដឹងថាលួចដឹកគោ កាលពីវេលាម៉ោង២និង៥៦នាទីរំលងអធ្រាត្រចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ៤១ គីឡូម៉ែត្រលេខ ១៦-១៧ ក្នុងភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យទាំង៣នាក់ ៖ ទី១ ឈ្មោះ ពៅ ម៉េងហុង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអន្លង់គគី ឃុំអន្លង់គគី ស្រុកកងមាស ខេត្តកំពង់ចាម ។ ទី២ ឈ្មោះ យូសូ ម៉ូសស្លីម ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ទី៣ ឈ្មោះ ម៉ាត់ យូស៊ូស ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ប្រទះឃើញរថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ រតនៈគិរី 3A- 0074 ជារថយន្តភិនភាពធ្លាប់ប្រព្រឹត្តបទល្មើសកន្លងមក សង្ស័យហៅឃាត់ត្រួតពិនិត្យ តែរថយន្តកាន់តែបន្ថែមល្បឿន កាន់តែសង្ស័យ តាមឃាត់ ពិនិត្យសាកសួរ ទើបដឹងថា គោ៦ក្បាល ញី៥ក្បាល ដឹកលើរថយន្ត ជនសង្ស័យលួចនៅក្នុងស្រុកជុំគិរី ខេត្តកំពត ដឹកឆ្លងកាត់តាមផ្លូវ៤១ ក្នុងភូមិសាស្ត្រខាងលើ ។

ជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចខេត្តកំពង់ស្ពឺ ប្រគល់ជូនទៅស្នងការខេត្តកំពត ដើម្បីសាកសួរ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.