ភ្នំពេញ ÷ ប្រជាពលរដ្ឋនៅក្នុងខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា កន្លងមកមានអ្នកកាងល្បែងបើកសង្វៀនជល់មាន់ជាច្រើនកន្លែង ដោយសេរីក្នុងតំបន់។ប្រជាពលរដ្ឋអះអាងថា ទោះបីជាក្បែរប៉ុស្តិ៍នគរបាលចោមចៅទី៣ ក៏នៅតែមានសកម្មភាពជល់មាន់ និងឆ្នោតពាក់ព័ន្ធ ដោយមិនឃើញមានវិធានការទប់ស្កាត់។តាមការរាយការណ៍ សង្វៀនជល់មាន់ និងទីតាំងពាក់ព័ន្ធ ត្រូវបានបញ្ជាក់ថា មាននៅតាមភូមិជាច្រើន រួមមាន៖ • ភូមិត្រពាំងរំចេក និងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ • ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ • ភូមិព្រៃព្រីងត្បូង២, ភូមិថ្នល់បំបែក និងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ប្រជាពលរដ្ឋក្នុងតំបន់សង្កត់ធ្ងន់ថា សកម្មភាពជល់មាន់ និងល្បែងពាក់ព័ន្ធកំពុងបង្កការតានតឹង និងប៉ះពាល់ដល់សន្តិសុខសាធារណៈ។





ពួកគេក៏សង្ឃឹមថា អាជ្ញាធរដែលពាក់ព័ន្ធ នឹងចាត់វិធានការច្បាស់លាស់ ដើម្បីបញ្ចប់សកម្មភាពខុសច្បាប់ទាំងនេះ។ជុំវិញព័ត៌មាននេះ បច្ចុប្បន្ន ត្រយងនៅមិនទាន់ទាក់ទងអាជ្ញាធរបាននៅឡើយ។ ប៉ុន្តែ ប្រសិនបើមានប្រតិកម្ម ឬការឆ្លើយតបពីអាជ្ញាធរ ត្រយងនឹងធ្វើការផ្សាយបន្ត ដើម្បីឲ្យសាធារណៈបានជ្រាបជាដំណឹង៕


