ខេត្តកណ្ដាល៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងសំពៅពូន បានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន ២ នាក់ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ក្រោយពួកគេបានធ្វើសកម្មភាព វាយប្លន់យកម៉ូតូ ពីជនរងគ្រោះពីរនាក់នៅចំណុចមុខក្រុមហ៊ុនព្រីនស៍ ១ ស្ថិតក្នុងភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។

ហេតុការណ៍លួចមានស្ថានទម្ងន់ទោសនេះបានកើតឡើងនៅវេលាម៉ោង ២២:២០ នាទី យប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥។

សភាពរឿងហេតុ និងការចាប់ខ្លួន

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ PLIANLERTWICHA SARAWUT ភេទប្រុស អាយុ ៣៦ ឆ្នាំ និងឈ្មោះ SEENA PINICH ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលជាបុគ្គលិកស្នាក់នៅក្នុងក្រុមហ៊ុន។

ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ សាក់ សុខលី (អាយុ ៣១ ឆ្នាំ) និងឈ្មោះ ស៊ិប ចាន់រ៉ា (អាយុ ២៥ ឆ្នាំ) កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍បានចុះស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យទាំងពីរនាក់មកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជនជាតិថៃទាំងពីរបានឆ្លើយសារភាពថា ពួកគេបានលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជាកាលពីអំឡុងខែឧសភា ឆ្នាំ២០២៥ ដើម្បីចូលធ្វើការងារនៅក្រុមហ៊ុនខាងលើ។ ដោយសារតែធ្វើការហត់នឿយពេក ពួកគេក៏បានរៀបចំគម្រោង រត់គេចពីក្រុមហ៊ុន។

យប់ថ្ងៃកើតហេតុ ពួកគេបានលួចយកម៉ូតូម៉ាក Honda Wave ពណ៌ខ្មៅ គ្មានផ្លាកលេខ ជិះចេញពីក្រុមហ៊ុន។ លុះមកដល់មុខក្រុមហ៊ុន ម៉ូតូក៏របូតច្រវ៉ាក់ទៅមុខមិនរួច ពួកគេក៏បោះបង់ចោល ហើយបានស្ទុះទៅវាយ និងទាញជនរងគ្រោះឈ្មោះ សាក់ សុខលី ចេញពីលើម៉ូតូម៉ាក Super Cub របស់គាត់ រួចលួចយកជិះគេចខ្លួនបន្ត។

ជិះបានបន្តិច ជនសង្ស័យបានជិះម៉ូតូបុកម៉ូតូនារីម្នាក់ម៉ាក Honda Scoopy បណ្ដាលឱ្យដួល រួចក៏ងើបរត់។ ពេលនោះ ជនរងគ្រោះឈ្មោះ ស៊ិប ចាន់រ៉ា បានជិះម៉ូតូតាមដើម្បីឱ្យជួយមើលនារីរងគ្រោះដែលពួកគេបុក។ ពេលរត់ដល់ចំណុចមុខហាងគោដុត ផ្សារឧកញ៉ាផា ជនសង្ស័យទាំងពីរបាន វាយទៅលើជនរងគ្រោះឈ្មោះ ស៊ិប ចាន់រ៉ា បណ្ដាលឱ្យធ្លាក់ពីលើម៉ូតូម៉ាក Honda Dream C125 ហើយបម្រុងនឹងលើកយកម៉ូតូមួយគ្រឿងនេះទៀត តែត្រូវសមត្ថកិច្ចទៅដល់កន្លែងកើតហេតុទាន់ពេលវេលា និងបានឃាត់ខ្លួនតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំងពីរបានសារភាពថា ខ្លួនពិតជាបានវាយ និងលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ក្រោយធ្វើតេស្តទឹកនោម ពួកគេទាំងពីរបានបង្ហាញលទ្ធផលអវិជ្ជមាន (-) រកសារធាតុញៀន។

វត្ថុតាងដែលត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងសំពៅពូន រួមមាន៖

  • ម៉ូតូចំនួន ០៣ គ្រឿង (រួមមានម៉ូតូដែលលួចពីក្រុមហ៊ុន, ម៉ូតូរបស់លោក សាក់ សុខលី និងម៉ូតូរបស់លោក ស៊ិប ចាន់រ៉ា)។
  • ទូរសព្ទចំនួន ០២ គ្រឿង។
  • លិខិតឆ្លងដែនចំនួន ០២ ក្បាល របស់ជនសង្ស័យទាំងពីរនាក់។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសំពៅពូន ដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.