ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់បញ្ចូលកម្មវិធីគាំពារសង្គមចំនួន១០ ទៅក្នុងថ្នាលឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងតម្លាភាពបន្ថែមទៀត សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម។ 

កម្មវិធីគាំពារសង្គមចំនួន១០ ដែលត្រូវបានដាក់បញ្ចូលថ្នាលឌីជីថលមានដូចជា៖ ១. ការចុះបញ្ជីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, ២. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា, ៣. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, ៤. កម្មវិធីអាហារូបករណ៍តាមសាលារៀន, ៥. កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនជនមានផ្ទុកមេរោគអេដស៍, ៦. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្តាយ, ៧. កម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងមុខងារបោះពុម្ពបណ្ណសមធម៌ភ្លាមៗ, ៨.  កម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព និងមុខងារបោះពុម្ព QR Code នៃកាតសម្គាល់ជនមានពិការភាព, ៩. កម្មវិធីជាតិជំនួយសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ, ១០. កម្មវិធីបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូន អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក។

ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជានេះ នឹងរួមចំណែកជាកាតាលិករដ៏សំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព នៃការអនុវត្ត ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០២៤-២០៣៥ ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យអនុវត្ត កាលពីខែកុម្ភៈ ឆ្នាំ២០២៥។ សមិទ្ធផលទាំងនេះ នឹងរួមចំណែកដល់ការសម្រេចបាននូវរដ្ឋាភិបាលឌីជីថល ក្នុងពេលខាងមុខ, ជាពិសេស ការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាគាំពារសង្គម សំដៅកាត់បន្ថយ ជាអតិបរមា នូវប្រតិបត្តិការចុះបញ្ជី និង ការបើកផ្តល់អត្ថប្រយោជន៍ស្ទួន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលច្រើនកន្លែង និង ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានមុខងារស្រដៀងគ្នា, និយាយជារួម, និង និយាយដោយឡែក សំដៅ «កាត់បន្ថយជាអតិបរមា នូវការបែកខ្ញែកនៃការគ្រប់គ្រងទិន្នន័យគាំពារសង្គម បែបវិមជ្ឈការ, ត្រៀមលក្ខណៈឆ្លើយតបទៅនឹងគ្រោះអាសន្ន និង លើកកម្ពស់អភិបាលកិច្ចឌីជីថល» ក្នុងទិសដៅប្រែក្លាយប្រព័ន្ធគាំពារសង្គមកម្ពុជាទាំងមូល ឲ្យក្លាយជាប្រព័ន្ធមួយ ដែល មានភាពប្រទាក់ក្រឡាគ្នាល្អ និង មានប្រសិទ្ធភាពខ្ពស់ សម្រាប់ការអនុវត្តរយៈពេលវែង ។

បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពាសង្គម និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្ដកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម បានឱ្យដឹងថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បានបំពាក់បន្ថែមនូវមុខងារ “ស្វែងរករហ័ស ឬ Fast Search” ដែលជាមុខងារធ្វើអន្តរប្រតិបត្តិការជាមួយមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងមូលដ្ឋានទិន្នន័យរបស់ប្រតិបត្តិករគាំពារសង្គម តាមរយៈលេខ “សម្គាល់គាំពារសង្គម ឬ SPID” អាចផ្តល់នូវសមត្ថភាព និងសុក្រឹតភាពខ្ពស់ ក្នុងការស្វែងរកអត្តសញ្ញាណចុះបញ្ជីរបស់អ្នកទទួលផល និងពលរដ្ឋគោលដៅភ្លាមៗ ដោយអាចប្រើប្រាស់បណ្ណសម្គាល់ខ្លួន មួយណាក៏បាន រួមមានលេខអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, បណ្ណសមធម៌, កាតសម្គាល់ជនមានពិការភាព, ឬកាត ប.ស.ស. ឬអាចប្រើប្រាស់ការស្កែនផ្ទៃមុខ ឬស្កែនខ្ចៅដៃ។

ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ក៏បានបំពាក់ផងដែរ នូវមុខងារចាប់យកតួអក្សរ ពីរូបភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយស្វ័យប្រវត្តិ (OCR on National Khmer ID Card) ដែលបង្កើនភាពងាយស្រួល និងឆាប់រហ័សដល់រំហូរនៃការចុះបញ្ជីក្នុងប្រព័ន្ធគាំពារសង្គម ភ្ជាប់ជាមួយនឹងការផ្តល់នូវដំណឹងក្នុងកាលិកពិត (Real-time Notification) ទៅទូរសព្ទដៃរបស់មេឃុំ/ចៅសង្កាត់ បង្កើនលទ្ធភាពក្នុងការត្រួតពិនិត្យ និងអនុម័តការស្នើសុំចុះបញ្ជីគាំពារសង្គមភ្លាមៗ ផងដែរ៕

អត្ថបទ៖ ត្រយងតូច

Share.