កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ សារទឹក លើសត្វគោ និងក្របី ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិកកោះ ឃុំសណ្តែក ស្រុកបាធាយ ដើម្បីទប់ស្កាត់ជំងឺឆ្លងដែលជាញឹកញាប់កើតឡើងលើសត្វពាហនៈក្នុងរដូវវស្សា។

យុទ្ធនាការនេះ ធ្វើឡើងក្រោមការសហការរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ដែលមានគោលបំណងការពារសុខភាពសត្វចិញ្ចឹម និងបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងសត្វ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីជំនាញបន្តចូលរួមផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះការចាក់ថ្នាំការពារជំងឺឆ្លងលើសត្វពាហនៈ ហើយរាយការណ៍ស្ថានភាពជំងឺសត្វទៅកាន់ភ្នាក់ងារសុខភាពសត្វក្នុងតំបន់ជាប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លង។

អភិបាលខេត្តក៏បានរំលឹកប្ រជាពលរដ្ឋឱ្យថែរក្សាអនាម័យជីវិត និងបរិស្ថានជុំវិញផ្ទះ ដើម្បីជៀសវាងការរីកចម្រើននៃមេរោគ និងសត្វបង្កជំងឺ ដូចជាសត្វមូស។ ក៏ដូចជាបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា ប្រសិនបើមានសញ្ញាឈឺ។

តាមលោក ស៊ីម ថាវីរះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងឃុំសណ្តែក ស្រុកបាធាយ មានសត្វគោចំនួន ១,៨៨៩ក្បាល និងក្របីចំនួន ១,២៤៣ក្បាល ដែលក្នុងនោះត្រូវចាក់វ៉ាក់សាំងការពារជំងឺសារទឹកសរុប គោ ៦១៣ក្បាល និងក្របី ៩៩១ក្បាល។

ការចាក់វ៉ាក់សាំងនេះ ជាប្រពៃណីធ្វើជាប្រចាំក្នុងរដូវទឹកឡើង ដោយមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់ឡើយ។ យុទ្ធនាការនេះត្រូវបានចាត់ទុកថា ជាចំណុចសំខាន់មួយក្នុងការពង្រឹងសុខភាពសត្វចិញ្ចឹម និងជួយគាំទ្ររបបជីវភាពប្រជាពលរដ្ឋដែលពឹងផ្អែកលើសត្វពាហនៈជាចម្បង។

អត្ថបទ÷ អាចារ្យលាក់

Share.