កំពង់ធំ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថ្នាំពេទ្យបញ្ចុះកម្តៅ និងព្យាបាលផ្តាសាយប្រភេទ ACETA-SANT 500 ចំនួន ៤ កេស ស្មើនឹង ៣៨.៤០០ គ្រាប់ ដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក និងមណ្ឌលសុខភាពកំពង់ថ្ម ក្នុងខេត្តកំពង់ធំ។




អំណោយថ្នាំនេះ គឺបន្ទាប់ពីកាកបាទក្រហមកម្ពុជាទទួលបានថ្នាំមួយចំនួនពីសប្បុរសជន ប្រគល់ជូនតាមរយៈកាកបាទក្រហមកម្ពុជា។ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ ឡុង នាយកនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញនាំយកថ្នាំទៅប្រគល់ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្តកំពង់ធំ និងមន្ត្រីមន្ទីរសុខាភិបាលខេត្ត។




ក្នុងនោះ មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ទទួលបានចំនួន ២ កេស (១៩.២០០ គ្រាប់) ខណៈដែលមណ្ឌលសុខភាពកំពង់ថ្ម ទទួលបាន ២ កេស (១៩.២០០ គ្រាប់) សម្រាប់ចែកចាយបន្តទៅមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពនានា ដើម្បីសម្រួលសេវាព្យាបាលជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។




លោកវេជ្ជបណ្ឌិត កែវ ដារី អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក គ្របដណ្តប់លើស្រុកបី រួមមាន បារាយណ៍ សន្ទុក និងតាំងគោក មានប្រជាជនសរុបជាង ២៩៧,៨៩៦ នាក់ ខណៈដែលមណ្ឌលសុខភាពកំពង់ថ្ម គ្របដណ្តប់លើ ១៤ ភូមិ មានប្រជាជន ១១,៧៧៨ នាក់។


ជាការឆ្លើយតប លោកវេជ្ជបណ្ឌិត ឡេង តាំងលាង ប្រធានមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក បានថ្លែងអំណរគុណចំពោះទឹកចិត្តមេត្តាករុណារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋជានិច្ច។
លោកបានបញ្ជាក់ថា ថ្នាំទាំងនេះនឹងត្រូវប្រើប្រាស់តាមគោលដៅ ដោយចែកចាយបន្តទៅមណ្ឌលសុខភាពចំនួន ២១ និងប៉ុស្តិ៍សុខភាពចំនួន ៣ ផ្សេងទៀត។ គួរបញ្ជាក់ថា ថ្នាំអំណោយទាំងនេះគឺជាការឧបត្ថម្ភពីសប្បុរសជន ក្រុមហ៊ុន GFC PHARMA តាមរយៈកាកបាទក្រហមកម្ពុជា៕
