កំពង់ចាម÷ អាជ្ញាធរខេត្តកំចាម បានប្រជុំពិនិត្យ និងវាយតម្លៃលទ្ធភាពស្ដារឡើងវិញ បន្ទាប់ពីខេត្តរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ និងទឹកភ្លៀង ដែលកើតឡើងចន្លោះពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥។




តាមរបាយការណ៍បង្ហាញថា ទឹកជំនន់បានប៉ះពាល់ដល់ ៨ ស្រុក រួមមាន ស្រុកកំពង់សៀម ស្ទឹងត្រង់ កោះសូទិន កងមាស ស្រីសន្ធរ បាធាយ ជើងព្រៃ និងព្រៃឈរ ដែលស្មើនឹង ៤៧ ឃុំ និង ១៤១ ភូមិ។ផលប៉ះពាល់នោះបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៤,០០០ គ្រួសារ និងផ្ទះជាង ៣,០០០ ខ្នង។ ប្រជាពលរដ្ឋចំនួន ៦២ គ្រួសារ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។ ផ្នែកដំណាំស្រូវរងផលប៉ះពាល់ជាង ៥,០០០ ហិកតា ក្នុងនោះជាង ២០០ ហិកតា បានស្ដារឡើងវិញ។ ដំណាំរួមផ្សំរងផលប៉ះពាល់ជាង ៦០០ ហិកតា។



បន្ថែមពីនេះ ទឹកជំនន់បានធ្វើឲ្យបាក់ច្រើនទន្លេចំនួន ១៧ ចំណុច ប្រវែងសរុបជាង ៥,០០០ ម៉ែត្រ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវកៅស៊ូ ផ្លូវបេតុង និងផ្លូវដី ប្រវែងសរុបជាង ១៣០,៩៩០ ម៉ែត្រ។អាជ្ញាធរខេត្តបានស្នើឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន រៀបចំឯកសារអំពីការខូចខាតឲ្យបានច្បាស់លាស់ និងឆាប់រហ័ស ដើម្បីស្នើទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យពិនិត្យ និងអនុវត្តការស្ដារឡើងវិញតាមលំដាប់។







អត្ថបទ÷ អាចារ្យលាក់